(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងរៀបចំប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ លើកទី១២ ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមសហការគ្នាបង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ប្រារព្ធពិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ទិវាជាតិនេះ​មានគោលបំណងផ្សព្វផ្សាយ និងបង្ហាញសារ​ដល់សាធារណជន អង្គការជាតិ អន្ដរជាតិ វិស័យ​ឯកជន មន្ដ្រីរាជការគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាសាសនាទាំងឡាយទូទាំងប្រទេសកម្ពុជា ឲ្យមានការយល់ដឹង និងសហការចូលរួមក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសលើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

សូមជម្រាបថា អំពើជួញដូរមនុស្ស ត្រូវបានប្រទេសលើពិភពលោកទទួលស្គាល់ថា ជាបទឧក្រិដ្ឋដែលមិនអាចអត់ឱនឲ្យបាន ហើយគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមានចែងក្នុងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ៕