(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដាច់ដោយឡែកពីគ្នា នៅប្រទេសហុងគ្រី និងប្រទេសរ៉ូម៉ានី ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៨។ ដំណើរបំពេញទស្សនកិច្ចនៅប្រទេសក្នុងតំបន់អឺរ៉ុបទាំងពីរនេះ តបតាមការអញ្ជើញដោយឡែកពីគ្នារបស់លោក ភីធ័រ ហ្ស៊ីចារតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងលោក តេអូឌ័រ ម៉េឡិស្កានូ រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសហុងគ្រី ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបប្រជុំទ្វេភាគីជាមួយសមភាគីហុងគ្រី ដើម្បីពិភាក្សា និងស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច រួមទាំងស្តាឡើងវិញនូវវិស័យសក្តានុពលមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។

នៅឯចុងបញ្ចប់នៃកិច្ចប្រជុំ នឹងមានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន និងបញ្ចប់ដោយការធ្វើសន្និសីទសារព័ត៌មាន។

បន្ទាប់ពីនោះមកនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៨ រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងធ្វើដំណើរឆ្ពោះមកកាន់ប្រទេសរ៉ូម៉ានី សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយលោក តេអូឌ័រ ម៉េឡិស្កានូ រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី។ ក្នុងអំឡុងពេលនោះ រដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាពីផលប្រយោជន៍ ដែលកើនឡើង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រជាជាតិទាំងពីរ ដោយផ្អែកទៅលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។

នៅឯចុងបញ្ចប់នៃកិច្ចពិភាក្សាទ្វេភាគី រដ្ឋមន្រ្តីទាំងពីរ នឹងចុះហត្ថលេខាលើឯកសារមួយចំនួនដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបញ្ចប់ដោយការធ្វើសេចក្តីប្រកាសព័ត៌មាន។

ទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងផ្តល់ឱកាសជាថ្មីដើម្បីលើកកំពស់ចំណងមិត្តភាពយូរអង្វែង ហើយនឹងបន្តការប្តេជ្ញាចិត្តរឹងមាំដើម្បីជំរុញកិច្ចសន្ទនានយោបាយ និងការគាំទ្រគ្នាទៅវិញទៅមក នៅវេទិការក្នុងតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងពីរ។

ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងរ៉ូម៉ានី ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំមួយចំនួន នៃប្រទេសនីមួយៗផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសអឺរ៉ុបទាំងពីរនេះ ត្រូវបានធ្វើឡើងដោយមើលឃើញនូវទំនាក់ទំនងការទូត ផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលកំពុងតែរីកចម្រើន និងដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយបន្ថែមទៀត នៅលើឆាកអន្តរជាតិសម្រាប់បុព្វហេតុយុត្តិធម៌ សុចរិតភាពជាតិ និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក៕