(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ នៅប្រទេសឡាវ និងវៀតណាម ដើម្បីរឹតចំណងសាមគ្គិភាព និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយមានចុះកិច្ចព្រមព្រៀងថ្មីមួយចំនួនផងដែរ។ នៅប្រទេសឡាវ ទស្សនកិច្ចរបស់សម្តេចធ្វើឡើងរយៈពេល២ថ្ងៃនៅថ្ងៃទី០៥-០៦ ខែធ្នូ ចំណែកនៅប្រទេសវៀតណាម ធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់០៨ ខែធ្នូ ឆ្នាំ២០១៨។

គណៈប្រតិភូជាន់ខ្ពស់ដែលអមដំណើរសម្តេចតេជោ ក្នុងការបំពេញទស្សនកិច្ចនេះរួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្ថិធម៌, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានទៅដល់ប្រទេសឡាវនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ដើម្បីបំពេញទស្សនកិច្ច តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។ នៅទីនោះ សម្តេចបានចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ។ ជាមួយគ្នានេះ សម្តេចក៏បា​នជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងលូន ស៊ីសូលីត ពិភាក្សារិះរកលទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមកផងដែរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឡាវ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចមក​សម្ដេច​តេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត, នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានអញ្ជើញអធិបតី និងជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤។ ឯកសារសំខាន់ៗ ចំនួន៤នោះរួមមាន៖
១៖ កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ​២០១៩ ដល់ឆ្នាំ២០២៤​
២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០១៩-២០២១​
៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ​
៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់​២៣០ និង៥០០គីឡូវ៉ុល ពីស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែង របស់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ សម្តេចតេជោបានអញ្ជើញដាក់កម្រងផ្កា នៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលីរបស់ឡាវ។ បើតាមការគ្រោងពិធីសារ និងកិច្ចព្រមព្រៀងមួយចំនួនឈានទៅបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនមានដូចការអប់រំជាដើមនោះ នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងជំនួបជាមួយលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ, នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដោយធ្វើការប្ដេជ្ញាចិត្ដបន្ដពង្រឹង និងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលមានជាយូរលុងណាស់មកហើយ។​ ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៍៣ចំណុច ចំពោះបញ្ហាអូតាង៉ាវ និងអូអាឡៃ ​ទី១៖ មិនឲ្យមានវត្តកងកម្លាំងទ័ព នៃប្រទេសទាំងពីរឈរជើង, ទី២៖ ​មិនឲ្យប្រជាជនទៅធ្វើអាជីវកម្ម ឬប្រកបរបរនៅចំណុចនោះ និង​ទី៣៖ នៅពេលត្រួតពិនិត្យត្រូវតែធ្វើរួមគ្នា ទាំងលើកគោក ផ្លូវទឹក និងផ្លូវអាកាស។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យរដ្ឋមន្ដ្រីក្រសួងការបរទេសទាំងពីរ ត្រូវរៀបចំបែបបទបច្ចេកទេសយ៉ាងណាឲ្យភាគីបារាំងផ្ទេរ ផែនទីពីប៉ោន ខ្នាត 1/1​00,000 មកផែនទី UTM ខ្នាត 1/50,000​ ដែលជាចំណុចត្រូវធ្វើមុនគេ ហើយចំណុចទី២ បន្ដស្នើសុំទៅបារាំងផ្ដល់ ឯកសារនានាដែលទាក់ទងជាមួយ បញ្ហាព្រំដែនកម្ពុជា-ឡាវ ជាពិសេសតំបន់១៦ភាគរយដែលនៅសេសសល់។ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ ក៏អំពាវនាវដល់ប្រធានាធិបតីបារាំង ក៏ដូចជារដ្ឋាភិបាលបារាំងបញ្ចូនឯកសារណា ដែលផ្ដល់នូវផលប្រយោជន៍លើការដោះស្រាយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលើបញ្ហាព្រំដែននេះ។ ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ​ឲ្យបានកាន់តែឆាប់។

ក្រៅពីលើកឡើងអំពីបញ្ហាព្រំដែនដែលត្រូវដោះស្រាយឱ្យបានឆាប់ រដ្ឋាភិបាលប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មអគ្គិសនី និងបានឯកភាពគ្នា សាងសង់ស្ពានតភ្ជាប់ពីខេត្តព្រះវិហាររបស់កម្ពុជា និងខេត្តចំប៉ាស័ក្តិ របស់ប្រទសឡាវ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរ រវាងប្រជាជនទាំងសងខាង។ ក្នុងឱកាសនោះកម្ពុជា-ឡាវក៏មានហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ពាក់ព័ន្ធនឹងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់នៃទាំងពីរលើការងារបង្កាត់ពូជដំរីផងដែរ។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០១៨ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន បានចូលពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ។​ បន្តពីនេះ នៅល្ងាចថ្ងៃដដែល សម្តេចបានជួប លោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។ ក្នុងជំនួបនោះ លោកស្រីបានបង្ហាញការជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ ជាការឆ្លើយតប, សម្តេចតេជោ បានជម្រាបជូន លោកស្រីប្រធានរដ្ឋសភាឡាវថា ការបោះឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមានប្រជាជនប្រមាណជាង៨៣ភាគរយ បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោត ពីអាណត្តិមុនៗ។ សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារប្រជាជនបានគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា មានជាង៧៧ភាគរយនៃសំឡេងឆ្នោតបាន បោះឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន២០។

 

 

បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសឡាវ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសឡាវ ហើយបន្តបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃបន្តទៀត។ ដំណើទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅវៀតណាមនេះ គឺដើម្បីពង្រឹងនិងពង្រីកនូវចំណងទាក់ ទងជាមិត្តភាព និងសហប្រតិបត្តិការ​ ព្រមទាំងពិភាក្សាការងារដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរផងនិង​ ពិភាក្សាលើញ្ហាអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផង។ ក្រៅពីនេះ សម្តេចក៏បានចូលរួមកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម និងជួបសមាគមមិត្តភាព កម្ពុជា-វៀតណាមផងដែរ។

 

អំឡុងពេលមានវត្តមាននៅប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងធុរកិច្ចជនប្រទេសទាំងពីរជាច្រើនរូបទៀត។ សម្តេចតេជោ បានជំរុញអ្នកវិនិយោគវៀតណាមឲ្យមកស្វែងរកឱកាសវិនិយោគក៏ដូចជាវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការយកចិត្តទុកដាក់ ជាមួយការបង្កបរិយាសល្អប្រសើរជាច្រើនសម្រាប់អ្នកវិនិយោគបរទេស។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបង្ហាញពីសក្តានុពល និងឧត្តមភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាចំនួន៦ចំណុចរួមមាន៖

ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ទី២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។

ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យមនិងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា។

ទី៤៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។

ទី៥៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០លាននាក់, ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់, និងទីផ្សារនៅក្នុងតំបន់នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលមានអតិថិជនប្រមាណ ៣ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។

ទី៦៖ កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការជៀងវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ។

រហូតដល់ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញផងដែរ។

 

ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោ ហ៊ុន សែន ត្រូវបានស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសំណាក់សមភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក បានអញ្ជើញជួបប្រជុំចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុនឈានទៅកិច្ចប្រជុំកំពូលទ្វេភាគី សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

បន្ទាប់ពីពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលនជាង ២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ រួមមាន៖

 

ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយះ ពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។

ទី២៖ វិសោធនកម្មពិធីសារឆ្នាំ២០០៥ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ១៩៩៨។

ទី៣៖ វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹកឆ្នាំ២០០៩។

ទី៤៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។

ទី៥៖ កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក។

ទី៦៖ កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។

ថ្លែងនៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្រោយជំនួបពិភាក្សានៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងជំនួបនោះសម្តេចបានប្រាប់សមភាគីវៀតណាម រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេស នៅលើទឹកដីកម្ពុជា ហើយកម្ពុជាក៏មិនអនុញ្ញាតឲ្យវត្តមានកងទ័ពខ្លួននៅលើទឹកដីបរទេស ក្រៅពីក្របខណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះដែរ។ សម្តេចបានគូសបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីវៀតណាមថា ព័ត៌មានដែលចេញផ្សាយដោយ Asia Time ថា កម្ពុជាផ្តល់មូលដ្ឋានទ័ពឲ្យប្រទេសចិននោះ គឺជាព័ត៌មានមិនពិត ព័ត៌មានភូតកុហក និងជាព័ត៌មានបំផ្លិចបំផ្លាញ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម សុទ្ធតែបានបង្ហាញជំហរប្រឹងប្រែងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។ ក្នុងនោះការងារបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបាននាយករដ្ឋមន្ត្រីនៃប្រទេសអះអាងថា នឹងបោះឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០១៩ផងដែរ។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបង្ហាញនៅក្នុងសន្និសីទនោះថា ឆ្នាំ២០១៨នេះ កម្ពុជា-វៀតណាម បានសម្រេចការងារជាច្រើន ដែលសុទ្ធសឹងជាចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ក្នុងនោះកិច្ចការបោះបង្គោលព្រំដែនដែលសម្រេចបានប្រមាណ ៨៤ភាគរយ ក៏ជារឿងមួយដ៏ល្អប្រសើរផងដែរ។ សម្រាប់បញ្ហាសេសសល់លើបញ្ហាព្រំដែននេះ លោក ង្វៀន សួនហ៊្វុក បានអះអាងថា នឹងជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយឲ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១៩។

ដោយឡែកនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសមាគមកម្ពុជា-វៀតណាម នៅសណ្ឋាគារមាលា ទីក្រុងហាណូយ។ សមាគមកម្ពុជា-វៀតណាម គឺមានសមាជិកភាគច្រើនដែលធ្លាប់ធ្វើការនៅកម្ពុជា ឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀតណាម ដែលធ្លាប់បានចូលរួមចំណែកជួយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សមាគមនេះ ក៏មានសមាជិកធ្លាប់ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

 

ជំនួបថ្ងៃនេះ គឺក្នុងគោលដៅបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សមាគមក៏ធ្លាប់បានជួបជាមួយសម្តេចតេជោ កាលពីមុនរួចមកហើយ។ ក្នុងជំនួបនេះសម្តេចតេជោ បានបើកឱ្យសមាជិកនៃសមាគមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។ សមាគមកម្ពុជា-វៀតណាម បានដើរតួនាទីយ៉ាងច្រើន ទាំងនៅក្នុងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។

នៅរសៀលថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយប្រធានរដ្ឋវៀតណាម លោក ង្វៀន ភូត្រុង។ ក្នុងជំនួបនោះ ប្រធានរដ្ឋវៀតណាមបានរំលឹកពីប្រវត្តិនៃការតស៊ូរវាងកម្ពុជា និងវៀតណាម ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ តាមរយៈប្រវត្តិប្រកៀកស្មាគ្នាពីអតីតកាលប្រធានរដ្ឋវៀតណាម រំពឹងថា ទំនាក់ទំនងកម្ពុជា និងវៀតណាម នឹងត្រូវបានយកចិត្តទុកដាក់ពូនជ្រំឲ្យកាន់តែប្រសើរឡើង។ ប្រធានរដ្ឋវៀតណាម បានលើកឡើងថា វៀតណាម-កម្ពុជា ធ្លាប់មានប្រពៃណីរួមរស់ជាប្រទេសជិតខាង ធ្លាប់ប្រកៀកស្មាគ្នាតស៊ូ ប្រយុទ្ធជាមួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត។ ជាពិសេសគឺធ្វើយ៉ាងណាឱ្យមានទំនុកចិត្តគ្នាទៅវិញទៅមក។

 

ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា និងវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា លើការចរចាបញ្ចប់កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរ។ អនុស្សរណៈដ៏សំខាន់នេះ ត្រូវបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ត្រាន់ ទួនអាញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រោមវត្តមានអញ្ជើញជាសាក្សីដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រីវៀតណាម។

យោងតាមអនុស្សរណៈយោគយល់ មានចំណុចសំខាន់ៗចំនួន០២ ដែលប្រទេសហត្ថលេខីទាំងពីរ មានកាត្វកិច្ចចូលរួមអនុវត្តន៍គឺ៖ ចំណុចទី១ ភាគីទាំងពីរនឹងគោរពតាមច្បាប់ និងបទបញ្ញតិ្តនៃប្រទេសរៀងៗខ្លួន ទាក់ទងបញ្ហាកាន់សាច់ប្រាក់ឆ្លងកាត់ព្រំដែន ហើយចំណុចទី២ ភាគីទាំងពីរត្រូវបន្តពិភាក្សា និងដោះស្រាយបញ្ហាសេសសល់ ដែលមិនទាន់បានឯកភាពគ្នា ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ឱ្យបានឆាប់បំផុត។

រហូតដល់យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមពិធីលាងសាយភោជន ដែលរៀបចំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក។ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា និងវៀតណាម នៅតែអាចរក្សាបានទំនាក់ទំនងល្អប្រសើរជាមួយភាពជឿជាក់ បើទោះបីស្ថានការណ៍នយោបាយនៅលើពិភពលោកនាពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងស្រួចស្រាវ និងពិបាកប៉ានស្មានក៏ដោយនោះ។

 

បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃ២យប់ នៅប្រទេសវៀតណាម នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសឡាវ និងវៀតណាម៕