(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ នៃមន្ទីរ អង្គភាព និងអាជ្ញាធរស្រុក ឃុំពាក់ព័ន្ធប្រមាណ៥៨រូប។

ក្នុងកិច្ចប្រជុំនេះលោក ជាវ តាយ បានបញ្ជាក់ថា ការដោះស្រាយពីបញ្ហាទំនាស់ ដីធ្លីជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយឆន្ទៈរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលោកតែងតែ បានក្រើនរំលឹកណែនាំជំរុញដល់អាជ្ញាធរ​ មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានជាប្រចាំ គឺធ្វើយ៉ាងណាឲ្យមានការយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋ ដោយមិនត្រូវទុកបញ្ហាបង្កការលំបាកដល់ប្រជាពលរដ្ឋយូរអង្វែងឡើយ។

លោកបន្តថា «បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋរវាងក្រុមហ៊ុន និងរវាងអង្គភាពកងកម្លាំងទ័ពនៅតំបន់មួយចំនួន ក្នុងខេត្តកំពត មានការអូសបន្លាយយូរឆ្នាំ នៅដោះស្រាយមិនទាន់បានបញ្ចប់ ដែលបញ្ហាទាំងអស់នោះ សម្រាប់តម្រូវឲ្យអង្គប្រជុំនៅពេលនេះ រួមគ្នាពិនិត្យពិភាក្សាដោយធ្វើយ៉ាងណា បង្រួមបញ្ហាពីច្រើនមកតិចនិងពីតិចមកបញ្ចប់អស់បញ្ហា ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋទទួលបានការកក់ក្ដៅមានកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ក្នុងការងារបង្កបង្កើនផលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ បានកាន់តែល្អប្រសើរឡើង»

លោកអភិបាលបញ្ជាក់ទៀតថា «ដូចនេះកិច្ចប្រជុំនាពេលនេះ គឺយើងទាំងអស់គ្នាដែលជាអ្នកពាក់ព័ន្ធ ត្រូវរួមគ្នារកឫសគល់ នៃបញ្ហាឲ្យបានថាតើបញ្ហាទាំងនោះកើតចេញដោយសារអ្វី ដើម្បីឈានបញ្ចប់ឲ្យសម្រេចជោគជ័យ ហើយរាល់ការអនុវត្ត គឺត្រូវតែអនុវត្តទៅតាមនីតិវិធីកុំទុកឲ្យបញ្ហានៅតែបន្តមិនចប់ យើងត្រូវដោះស្រាយដោយគោលការណ៍តម្លាភាព និងឈរលើយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នាជាការចាំបាច់»