(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ នៅតែបន្តតាមឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន២នាក់ ដកហូតបានថ្នាំញៀន និងសម្ភារពាក់ព័ន្ធសកម្មភាពមួយចំនួនទៀត។

ការឃាត់ខ្លួនេះ នៅក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្ដែង២គោលដៅ និង២ករណីផ្សេងគ្នា ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក និងមួយទីតាំងទៀត ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាំងពីរសៀលដល់យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨។

ជនសង្ស័យឃាត់ខ្លួនក្នុងសកម្មភាពជួញដូរថ្នាំញៀនឈ្មោះ ហេង ចាន់ឌីណា​ អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ២១៣ជ ផ្លូវបេតុង ក្រុមទី០៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយក្នុងការបង្ក្រាបនេះ ដកហូតបានក្រាមពណ៌សថ្លាចំនួន​០២កញ្ចប់​ ទូរស័ព្ទដៃមួយគ្រឿងម៉ាក hiya ពណ៌ស។ ជនសង្ស័យឃាត់ខ្លួន ក្នុងសកម្មភាពប្រើប្រាស់គ្រឿងញៀនឈ្មោះ ឌឿ ធារ៉ា​ អាយុ៣១ឆ្នាំ ​មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយក្នុងការបង្ក្រាបនេះ ដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួន។

នៅក្រោយការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀនទាំង២នាក់នេះ រួមជាមួយវត្ថុតាងទាំងឡាយ ត្រូវបាននាំមកបន្តសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕​