(កោះស៊ូម៉ាត្រា-ឥណ្ឌូនេស៊ី)៖ ថ្លែងក្នុងកិច្ចប្រជុំ នៃការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុង Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី​០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានសហភាពបញ្ញវន្តមុស្លីមកម្ពុជា បានលើកឡើងថា សមាគមបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ICMA ជាឃ្លាំងធនធានមនុស្សដ៏ចាំបាច់បំផុត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសសមាជិកប្រកបដោយចីរភាព។

លោកបន្តថា តាមរយៈសមាជិកប្រទេស ICMA យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរទៀត ស្តីពីបម្លាស់ប្តូរបទពិសោធន៍ ជំរុញការវិនិយោគគ្រប់ទម្រង់ ក្នុងប្រទេសសមាជិក និងការចូលរួមលើកស្ទួយគ្រប់វិស័យនានា ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងចំណេះដឹង និងការច្នៃប្រឌិតផងដែរ។

ថ្លែងទៅកាន់​សមាជិក ICMA ​ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជម្រាបអំពីសក្តានុពលវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសកម្ពុជា មានធនធានគ្រប់គ្រាន់ទាំងវត្ថុធាតុដើម និងកម្លាំងពលកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន បើកទ្វារស្វាគមន៍ជានិច្ច ដល់បណ្តាវិនិយោគិនក្នុង និងក្រៅតំបន់​​មកបណ្តាក់ទុននៅកម្ពុជា។​

ការលើកឡើងនេះ គឺជាការប្តេជ្ញារួមគ្នាជាមួយតំណាងប្រទេសជា សមាជិក ICMA ​ចំនួន១១ប្រទេស នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ឆ្លើយតបនឹងការជំរុញ យ៉ាងយកចិត្តទុកដាក់ទៅកាន់អង្គប្រជុំ ដោយលោក YTH Bapak Ir. H. Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ប្រកាសបើកកិច្ចប្រជុំ ការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍៕