(កណ្តាល)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ លោក ណុប រត្ន័និមល ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារយុវជនគណៈពង្រឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងក្រុមការងារយុវជនស្រុក បានអញ្ជើញជាអធិបតី បើកការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ នាយឧត្តមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជំនះ៧ មករា (ឆ្នាំ១៩៧៩-៧ មករា ឆ្នាំ២០១៩) នៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតក្នុងឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងាររៀបចំការប្រកួត និងប្អូនៗដែលជាកីឡាករទាំងអស់ ដែលបានខិតខំហ្វឹកហាត់ និងចូលរួមប្រកួតនៅថ្ងៃនេះ ដែលជាលើកទី២ហើយ។

លោកបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ក៏ដូចជា សិស្សានុស្សដែលចូលរួមក្នុងអង្គពិធី សូមរក្សានូវសាមគ្គីភាព ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងនាំគ្នាលេងកីឡាដើម្បីសុខភាព ព្រមទាំងខិតខំរៀនសូត្រ ដើម្បីក្លាយជាយុវជនល្អ សិស្សល្អ កូនល្អ ដើម្បីចូលរួចចំណែកបំរើសង្គមជាតិយើង ដែលបាននឹងកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយភាពប៉ិនប្រសព្វ និងគតិបណ្ឌិតក្រោមការដឹកនាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា ក្រុមកីឡាករទាំងអស់មានចំនួន២១ក្រុម បែងចែកជា៤ពូល៕