(បន្ទាយមានជ័យ)៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដូរ «ឧបករណ៍និស្សន្ទ» ដល់សាធារណៈជនឲ្យយល់ដឹង កាន់តែច្រើនលើវិស័យនេះ គណៈកម្មការមូលបត្រកម្ពុជាបានជ្រើសរើសខេត្តចំនួន៥ ធ្វើសកម្មភាពផ្សព្វផ្សាយ ដោយក្នុងនោះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានចូលរួមជួយផ្សព្វផ្សាយ ជាមួយគណៈកម្មការមូលបត្រកម្ពុជា។

ជាក់ស្ដែងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានចូលរួមសិក្ខាសាលា របស់គណៈកម្មការមូលបត្រចំនួន៣ខេត្តហើយ សម្រាប់គោលដៅទី៤នៃ សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨នេះ បានធ្វើឡើងនៅក្នុងខេត្តបន្ទាយមានជ័យ និងបានបញ្ចប់ប្រកបដោយភាពជោគជ័យ។

ខេត្តបន្ទាយមានជ័យនេះជាខេត្តទី៤ ដែលស្ថាប័នទាំង២បានជំរុញការយល់ដឹងជាសាធារណៈ លើការជួញដូរឧបករណ៍និស្សន្ទ ដោយគោលដៅទី១ធ្វើឡើងនៅខេត្តព្រះសីហនុ, គោលដៅទី២ ខេត្តកំពង់ចាម, គោលដៅទី៣ ខេត្តសៀមរាប និងគោលដៅទី៤ ខេត្តបន្ទាយមានជ័យនេះ។

សិក្ខាសាលានៅខេត្តបន្ទាយមានជ័យនេះ រៀបចំឡើងនៅថ្ងៃទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដោយមានវត្តមានសិក្ខាកាមច្រើនរូបរួមទាំង មន្រ្តីរដ្ឋាភិបាល, អ្នកជំនួញ និងវិនិយោគិនសក្ដានុពលបានចូលរួម។

លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានណែនាំអំពីឧបករណ៍និស្សន្ទក៏ដូចជាបញ្ជាក់ពី ការប្ដេជ្ញាចិត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការរីកចម្រើននៃ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា លើបទប្បញ្ញាតិ, ទំហំ និងបទដ្ឋាននៃការជួញដូរ និងការយល់ដឹងលើវិស័យនេះ។

លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទនៃ គណៈកម្មការមូលបត្រកម្ពុជា បានផ្ដោតសំខាន់លើទិដ្ឋភាពទូទៅនៃ ការជួញដូរឧបករណ៍និស្សន្ទការលូតលាស់នៃ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្របខ័ណ្ឌបទប្បញ្ញាតិ និងបេសកកម្មបន្តបន្ទាប់របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការជំរុញវិស័យឧបករណ៍និស្សន្ទឱ្យកាន់តែប្រសើរឡើង។

លោកបន្ដថា ដោយសារតែក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ជាក្រុមហ៊ុនសមភាគីកណ្ដាលតែមួយគត់ដែលចូលរួម គ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្ត របស់គណៈកម្មការមូលបត្រកម្ពុជានៅក្នុងឆ្នាំ២០១៨នេះ និងជាក្រុមហ៊ុនតែមួយគត់ ដែលមកពីប្រទេសកម្ពុជា និងតំបន់អាស៊ីដែលបានណែនាំពីវប្បធម៌ និងបានបង្ហាញនូវ ឱកាសវិនិយោគជាច្រើន ដល់វិនិយោគិនបរទេសនៅក្នុងពិព័រណ៍អន្តរជាតិនានាដូចជា៖ iFX Expo នៅប្រទេសសាយប្រឺស និង «2018 London Summit» នៅប្រទេសអង់គ្លេស។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបង្ហាញសុទិដ្ឋិនិយម ទៅលើសិក្ខាសាលាតាមបណ្ដាខេត្តនេះ និងឲ្យដឹងថា ការផ្សព្វផ្សាយអំពីការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុ ជាសាធារណៈ ជាការងារអាទិភាពរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិឆេង។

លោក Lawrence ក៏បានចែករំលែកនូវបទពិសោធន៍ របស់លោកលើទីផ្សារអន្តរជាតិ ហើយមានជំនឿយ៉ាងមុតមាំថា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងឆ្ពោះទៅរកសក្តានុពលពេញលេញ៕