(ភ្នំពេញ)៖ លោកចក អេហ្គា (George Edgar) អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអះអាងថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកសិទ្ធិឱ្យអតីតថ្នាក់ដឹកនាំ CNRP ធ្វើនយោបាយឡើងវិញ និងសម្រួលស្ថានការណ៍ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងសហជីពនាពេលនេះ គឺជាសញ្ញាមួយវិជ្ជមាន។

លោក George Edgar បានប្រកាសបែបនេះ ក្នុងពេលដែលលោកដឹកនាំអ្នកសារព័ត៌មាន ទៅធ្វើទស្សនកិច្ច នៅក្នុងក្រុមហ៊ុនចំនួន៤ ដែលវិនិយោគដោយវិនិយោគិនអឺរ៉ុប នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។

លោក George Edgar បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានទាំងនោះថា សហភាពអឺរ៉ុប បានកត់សម្គាល់រួចហើយនូវអ្វីដែលជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីប្រកាសរបស់រដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់បុព្វសិទ្ធិដល់ព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី អាចដកបម្រាមចេញពីអ្នកនយោបាយណា ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាការបោះជំហានប្រកបដោយភាពវិជ្ជមានមួយ ពីព្រោះការព្រួយបារម្ភដែលកើតឡើងនៅពេលដែលច្បាប់ ស្តីពីគណបក្សនយោបាយត្រូវធ្វើវិសោធនកម្ម នោះគឺពុំមានបញ្ញត្តិណាមួយដែលនិយាយអំពី នីតិវិធីប្តឹងតវ៉ាបន្ទាប់ពីបុគ្គលណាម្នាក់ ឬអ្នកនយោបាយទទួលបានបម្រាម ក្នុងការធ្វើនយោបាយ»

លោកអគ្គរដ្ឋទូតអឺរ៉ុបបានបង្ហាញក្តីសង្ឃឹមថា អ្វីដែលបង្ហាញជាភាពវិជ្ជមានទាំងនេះ នឹងត្រូវអនុវត្តបានជាក់ស្តែង។

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។

តាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល, កម្ពុជានឹងសិក្សាដើម្បីដកបម្រាមធ្វើនយោបាយ ពីអ្នកនយោបាយដែលតុលាការកាត់ទោស ដែលសម្តៅបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិធ្វើនយោបាយឡើងវិញ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានអំពាវនាវ ដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។

រាជរដ្ឋាភិបាល ក៏បានបើកឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏សន្យាបន្តដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ និងសម្រួលដល់សកម្មភាពអង្គការសង្គមស៊ីវិល និងសហជីព នៅក្នុងប្រទេសកម្ពុជាថែមទៀត។

បន្ទាប់ពីមានសេចក្តីថ្លែងការណ៍នេះ រដ្ឋសភាក៏បានរៀបចំសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដោយកែប្រែទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីឱ្យនាយករដ្ឋមន្រ្តី​ មានសិទ្ធិស្នើថ្វាយព្រះមហាក្សត្រ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់នីតិសម្បទាជូនជនដែលតុលាកាហាមឃាត់សិទ្ធិធ្វើនយោបាយ ឱ្យមានសិទ្ធិចូលរួមធ្វើនយោបាយពេញលេញឡើងវិញ។

មាត្រា៤៥ថ្មី (ស្ទួនមួយ) ដែលត្រូវបន្ថែមនេះមានខ្លឹមសារដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និង លោក​ គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី បានប្រកាសគាំទ្រដល់សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល និងរដ្ឋសភា ភ្លាមៗតែម្តង។

លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក៏បានលើកឡើងទៀតថា អ្វីដែលដែលរដ្ឋាភិបាលធ្វើជាបន្តបន្ទាប់កន្លងទៅ ក៏គឺបានសម្រួលផងដែរ ដល់អង្គការសង្គមស៊ីវិល និងសហជីព។

លោកបញ្ជាក់ទៀតថា៖ «ស្ថានភាពអង្គការសង្គមស៊ីវិល គឺជាអ្វីដែលជាការព្រួយបារម្ភរបស់អឺរ៉ុប បញ្ហាមួយទៀត គឺពាក់ព័ន្ធនឹងសហជីព និងការអនុវត្តច្បាប់សហជីពនេះ។ ពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិល គឺយើងស្វាគមន៍​នូវសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ យើងក៏ស្វាគមន៍ផងដែរនូវការបញ្ជាក់មួយទៀត កាលពីសប្តាហ៍មុននេះ ស្តីពីភាពចាំបាច់ក្នុងការជូនដំណឹងដល់អាជ្ញាធរ»។

ដោយឡែកទាក់ទងនឹង គម្រោងដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ(EBA) វិញ លោក George Edgar បាន​ឱ្យដឹងដែរថា បច្ចុប្បន្ន​គឺភាគីទាំងពីរនៅតែមានការបន្តទំនាក់ទំនងគ្នា តាមរយៈមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជា ហើយភាគីទាំងពីរក៏កំពុងមានការពិភាក្សា អំពីបញ្ហាដែលត្រូវបានលើកឡើង ដែលបញ្ហាទាំងអស់នេះ គឺពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀមមួយ ដែលដាក់ចេញនូវលក្ខខណ្ឌ ដើម្បីឱ្យប្រទេស​ដែលចង់ទទួលបាន EBA ត្រូវតែអនុវត្តតាម៕