(ហាណូយ, វៀតណាម)៖ នគរបាលចរាចរណ៍របស់ប្រទេសកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ គោលបំណងដើម្បីជួបប្រជុំ ជាមួយនគរបាលចរាចរណ៍វៀតណាម ប្រយោជន៍ និងទទួលបានជំនាញថ្មីទៀត សម្រាប់គ្រប់គ្រងបញ្ហាចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។

សម្រាប់ជំនួបជាមួយគ្នា ដែលធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលចរាចរណ៍កម្ពុជា ទទួលបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

*ការគ្រប់គ្រងចរាចរណ៍តាមប្រព័ន្ធកាំម៉េរាសុវត្ថិភាពតាមដងផ្លូវ
*វិធីសាស្ត្រកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង
*ការគ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍តាមចំណុចផ្លូវប្រសព្វ
*វិធីសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
*ការគ្រប់គ្រង់ចរាចរណ៍ផ្លូវទឹក ផ្លូវដែក។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ នគរបាលចរាចរណ៍កម្ពុជា ក៏បានសំណូមពរដល់នគរបាលចរាចរណ៍វៀតណាម ឲ្យជួយបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ផ្លូវទឹក ផ្លូវដែកកម្ពុជាផងដែរ។

ជាការកត់សម្គាល់ សម្រាប់រាជធានីភ្នំពេញ ដែលទីក្រុងបេះដូងរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំណើនប្រជាពលរដ្ឋកាន់តែច្រើនៗឡើង ដែលធ្វើឲ្យមានបញ្ហាប្រឈមខ្លាំង ចំពោះចរាចរណ៍តាមដងផ្លូវ ជាពិសេសការកកស្ទះតែម្តង បើទោះបីជាកម្លាំងនគរបាលចរាចរណ៍ បានខិតខំប្រឹងប្រែងជួយសម្រួលយ៉ាងណាក៏ដោយនោះ ហេតុដូច្នេះហើយទើបនគរបាលចរាចរណ៍កម្ពុជា បានស្វែងរកបទពិសោធន៍ពីប្រទេសផ្សេងទៀត ដើម្បីមានជំនាញបន្ថែមទៀត លើការដោះស្រាយបញ្ហាសង្គមមួយនេះ ឲ្យមានប្រសិទ្ធភាពទៅថ្ងៃអនាគត៕​