(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុលំដាប់ទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមគ្រឹះស្ថានធនាគារធំៗទាំង៥(ប្រាំ) នៅកម្ពុជា បានបំពាក់សៀវភៅជាង៧ម៉ឺនក្បាល ដល់បណ្ណាល័យទាំង៣០របស់ខ្លួន ក្រោមកិច្ចសហការជាមួយ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

ប្រាសាក់ បានបំពាក់សៀវភៅ សម្រាប់អាន និងសម្ភារបរិក្ខារជាច្រើន ជូនដល់បណ្ណាល័យ ដែលស្ថិតនៅតាមខេត្តនានារួមមាន ខេត្តព្រះវិហារ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និងបាត់ដំបង។

សៀវភៅដែលប្រាសាក់ បានផ្តល់ជូនសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ បានធ្វើឡើងដោយគោរពតាមបទដ្ឋានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមកទល់នឹងបច្ចុប្បន្ននេះ មានចំនួនសរុបច្រើនជាង៧០,០០០ក្បាល (ប្រាំពីរម៉ឺនក្បាល) ទាំងភាសាខ្មែរ និងភាសាអង់គ្លេស រួមមាន សៀវភៅប្រវត្តិសាស្រ្ត វចនានុក្រម សៀវភៅវិទ្យាសាស្ត្រសង្គម សៀវភៅអក្សរសាស្ត្រខ្មែរ សៀវភៅបំណិនជីវិត និងសៀវភៅរឿងនិទានជាដើម។

នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ លោក សាយ សូនី បានថ្លែងថា ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ មានសេចក្តីត្រេកអរជាខ្លាំង ដែលបានចូលរួមចំណែក ក្នុងការផ្តល់ជាសៀវភៅអាន និងអគារបណ្ណាល័យ ដល់សិស្សានុសិស្ស ដែលស្ថិតនៅតាមទីជនបទ។

លោកបន្ដថា «យើងក៏ទទួលបានការសាទរពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា សហគមន៍ និងភាគីពាក់ព័ន្ធ ហើយមានការគាំទ្រ ចំពោះការបង្កើតឱ្យមានបរិយាកាស នៃការអានសៀវភៅកាន់តែប្រសើរជាងមុន ជាមួយនឹងការបំពាក់សៀវភៅដ៏សម្បូរបែប នៅតាមបណ្ណាល័យប្រាសាក់នីមួយៗ។ តាមការចុះអង្កេតបង្ហាញថា សិស្សានុសិស្ស ដែលបានចូលអានសៀវភៅ នៅតាមបណ្ណាល័យនីមួយៗ មានចំនួនប្រមាណជា ៣,០០០នាក់គិតជាមធ្យមក្នុង១ខែៗ។

លោក សាយ សូនី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្ណាល័យ ដែលជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដ៏ថ្មីសន្លាងរបស់សាលារៀន នឹងផ្សារភ្ជាប់សិស្សានុសិស្ស ជាមួយនឹងការបង្កើនចំណេះដឹង សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ ក៏ដូចជាបណ្ដុះវប្បធម៌អានរបស់ប្រជាជនកម្ពុជាផងដែរ។ លោកបានបន្តទៀតថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ មាតាបិតា និងសហគមន៍ បានផ្តល់ការសហការដ៏ល្អ ក្នុងការអនុវត្តគម្រោងនេះ ឱ្យមានដំណើរការដោយរលូន ហើយប្រាសាក់ នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តគម្រោងបណ្ណាល័យនេះ នៅសាលារៀនផ្សេងៗទៀតនៅកម្ពុជា។

គិតមកត្រឹមដំណាច់ខែវិច្ឆិកានេះ ប្រាសាក់បានចូលរួមបណ្តុះទម្លាប់អានតាមរយៈអគារបណ្ណាល័យចំនួន៣០ខ្នងមកហើយ ក្នុងរយៈពេល៨ឆ្នាំ។ គម្រោងបណ្ណាល័យនេះ មានវិសាលភាពក្នុងការផ្តល់អត្ថប្រយោជន៍ ជូនសិស្សានុសិស្សចំនួន ៧៨,០០០នាក់ មកពី៣៤៦ភូមិ ដែលមានប្រជាជនសរុបចំនួន ៣២៦,៤០០នាក់ ស្មើនឹង ៧០,៥៣៧គ្រួសារ។

ប្រាសាក់ មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងមានបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងរយៈពេល២៣ឆ្នាំ ហើយមានភាពរឹងមាំដោយឈរលើមូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរផ្នែកអាជីវកម្ម ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលមានភាពបត់បែន និងសម្បូរបែប វិសាលភាពនៃបណ្តាញការិយាល័យ គ្របដណ្ដប់ទូទាំងប្រទេស ការបំពាក់ម៉ាស៊ីនអេធីអឹម (ATM) និងប្រព័ន្ធធនាគារស្នូល ប្រកបដោយភាពទំនើប តម្លាភាព និងសុក្រឹតភាព៕