(បាត់ដំបង)៖ លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចំរុះ ដុតទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពជាង៣.២២៨ គ.ក្រ បន្ទាប់ពីមន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត បានរឹបអូសនៅតាមផ្សារនានា ក្នុងខេត្តកន្លងមក។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារចំរុះបានចុះត្រួតពិនិត្យជាមួយមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះពិនិត្យនៅផ្សារធំ៥ គ.ក្រ ផង និងធ្វើពិធីដុតកម្ទេចចោលទំនិញខូចគុណភាពនេះ បានធ្វើឡើងនារសៀលថ្ងៃនេះ នៅចំណុចឃុំអន្លងវិលស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេលកន្លងមកមន្រ្តីជំនាញ បានដើរចុះត្រួតពិនិត្យនៅតាមផ្សារនានា ច្រកទ្វារព្រំដែន ក្នុងដែនដីខេត្តបាត់ដំបង បានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដោយបានរឹបអូសយកមករក្សាទុកនៅសាខាខេត្តរងចាំការសម្រេចឱ្យដុតកម្ទេចចោល។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ទន្ទឹមនឹងរក្សាទុកទំនិញខូចគុណភាពជាង៣តោនកន្លងមកនេះ នៅព្រឹកមិញ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារធំបាត់ដំបង (ផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក ហឿង សុគន្ធ។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ និងបានដកយកគំរូចំនួន៦៧គំរូ រួមមាន៖ បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតត្រី ឈាមមាន់ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ គ្រឿងសមុទ្រ លតខៀវ លតស្វិត និងបាញ់ឌុក ដើម្បីធ្វើតេស្ត ស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញវត្តមានសារធាតុបូរ៉ាក់ដាក់ក្នុងនំបាញ់ឌុកចំនួន២គីឡូក្រាម, លតស្វិតចំនួន៣គីឡូក្រាម។

ក្នុងពេលត្រួតពិនិត្យនោះដែរ មន្ត្រីជំនាញ ក៏បានដកហូតនំបាញ់ឌុក និងលតស្វិតចំនួន៥គីឡូក្រាម យកមកនិងណែនាំដល់អាជីវករ អ្នកលក់ដូរឱ្យបានយល់ដឹងពីរបៀប នៃការជ្រើសរើសផលិតផលដែលមានសុវត្ថិភាពយកមកលក់ ក៏ដូចជាយកមកបរិភោគផងដែរ។

លុះដល់រសៀលថ្ងៃដដែលនេះ លោក ហឿង សុគន្ធ អភិបាលរងខេត្ត និងមន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត តំណាងព្រះរាជអាជ្ញាខេត្ត និងអាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចចោលនូវទំនិញចំរុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៣. ២២៨ គីឡូក្រាមស្ថិតនៅ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕

Advertising