(បន្ទាយមានជ័យ)៖ សាខាកាំកុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨ សហការជាមួយមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ របស់នាយកដ្ឋានមន្ទីរពិសោធន៍ និងនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យតាមស្ថានីយ៍លក់ប្រេងឥន្ធនៈនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ គិតចាប់ពីឃុំអូរបីជាន់ ស្រុកអូរជ្រៅ រហូតដល់ស្រុកថ្មពួក និងស្រុកស្វាយចេក បានចំនួន១០ស្ថានីយ៍ និងបន្តត្រួតពិនិត្យទំនិញតាមទីផ្សារ តាមគេហដ្ឋាននានាផងដែរ។

ក្រុមការងារមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ បានធ្វើតេស្តរកកម្រិតគុណភាព និងបរិមាណ ដោយបានបញ្ជាក់ថា មានស្ថានីយ៍ និងដេប៉ូចំនួន៩ទីតាំង លក់ប្រេងមិនគ្រប់លីត និងគុណភាពមិនត្រឹមត្រូវ។

សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នឹងធ្វើលិខិតអញ្ជើញម្ចាស់ស្ថានីយ៍ ដែលត្រួតពិនិត្យលើកទី២ ហើយមិនទាន់កែតម្រូវ ទៅស្នាក់ការសាខាកាំកុងត្រូលខេត្ត ដើម្បីបំពេញបែបបទជូនព្រះរាជអាជ្ញា ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ បើមិនរាងចាលទៀតអាចប្រឈមនឹងការបិទស្ថានីយតែម្តង។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា «មន្ត្រីជំនាញយើងបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានក៏ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគេហដ្ឋាន តាំងលក់ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងបន្តទៅផ្សារមណ្ឌល៤ ឋិតក្នុងភូមិប្រជាធម្មខាងលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត»

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា បន្ទាប់ពីត្រួតពិនិត្យគេហដ្ឋានតាំងលក់ និងតូបក្នុងផ្សារចំនួន១៥កន្លែងរួចមក មន្ត្រីជំនាញបានរកឃើញផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ចំនួនប្រមាណ១៣៧គីឡូក្រាម។ ក្នុងនោះមន្ត្រីមន្ទីរពិសោធន៍ បានធ្វើតេស្តបឋមលើទំពាំងជ្រក់ និងស្ពៃជ្រក់ រកវត្តមានអាស៊ីតសាលីស៊ីលិច ជាលទ្ធផលគឺរកពុំឃើញមានវត្តអាស៊ីត សាលីស៊ីលិចក្នុងទំពាំងជ្រក់ និងស្ពៃជ្រក់ឡើយ៕

Advertising