(ភ្នំពេញ)៖​ សនិ្នសីទសារព័ត៌មាន​ ស្ដីពី​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ សកលថ្នាក់ជាតិ​ ជ្រើសរើស​ជើងឯកថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៨​ នៅតំបន់អភិវឌ្ឍន៍​ Skyland 7NG វិហ៊ារសួគ៌ នៅ​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ​ស្ថិតនៅក្នុង​​ស្រុកខ្យាច់កណ្ឌាល​ ខេត្តកណ្ដាល​ ដែលប្រព្រឹត្តទៅចាប់ពីថ្ងែទី១២​ ​រហូតដល់ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ​២០១៨ ហើយកីឡាករ​ ​​ត្រៀម​ចូលរួមប្រកួតមានជាច្រើនរូប​ ​មកពីទាំង២៥រាជធានី-ខេត្ត។

សន្និសីទសារព័ត៌មាន​ ធ្វើឡើងក្រោមអធិបតីភាពលោក​ តែម​ ម៉ឺន​ ប្រធានសហភាពសហព័ន្ធកីឡាប្រដាល់ក្បាច់គុណខ្មែរ​​កម្ពុជាស្ម័គ្រចិត្ត​ និងលោកឧកញ្ញ៉ា ស្រី​ ចាន់ថន​ អគ្គនាយកក្រុមហ៊ុន (Sky Land 7NG វិហារសួគ៌)​ និងជាអនុប្រធានសហភាពសហព័ន្ធក្បាច់ប្រដាល់គុនខ្មែរ​ កម្ពុជាស្ម័គ្រ​ចិត្ត​ រួមទាំងលោកគ្រូបង្វឹក​ជាច្រើនរូបទៀត​។

លោក​ឧកញ៉ា​ ស្រី​ ចាន់ថន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្កើតកម្មវិធីប្រកួតនេះ​ គឺជាលើកទី២ ហើយ​សម្រាប់ទឹកដីក្រុមហ៊ុន​ Skyland 7NG របស់លោក​ ដែលជាការចូលរួមលើកស្ទួយ​​នូវវិស័យកីឡា​ប្រដាល់របស់កម្ពុជា​ ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់កីឡាករជាតិយើងផងដែរ​។

បើតាមលោកឧកញ៉ា ស្រី ចាន់ថន ការប្រកួតជ្រើសរើសយកជើងឯកនេះ​ គឺដើម្បីត្រៀមចូលរួមកីឡាស៊ីហ្គេមឆ្នាំ២០១៨ នៅពេលខាងមុខនេះ ហើយក្នុងនោះលោក​ក៏បានចូលរួមឧបត្ថ​ម្ភ ថវិកាជាង​៤០,០០០​​ម៉ឺនដុល្លារ សម្រាប់កម្មវិធីនេះទាំងអស់​ រួមទាំងកីឡាករផង​ ដើម្បីរ៉ាប់រងការស្នាក់នៅ ហើយបន្ថែមលើនេះទៅទៀត​ បន្ទាប់ពីកម្មវិធីប្រដាល់​ ក៏មានការប្រគំតន្ដ្រី និងឆាកកំប្លែង​ រួមទាំងមានកន្លែងដើរកំសាន្តជាច្រើន​។

ជាចុងក្រោយលោកឧកញ្ញ៉ា​ ស្រី​ ចាន់ថន​ ក៏មានការអំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ ឲ្យមាន​ការចូលរួមទស្សនា​ កំសាន្តដោយមិនគិតថ្លៃ​ នូវព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ថ្នាក់ជាតិជម្រើសជើងឯក​ ដែលប្រព្រឹកទៅថ្ងែទី១២ ខែធ្នូ​ រហូតដល់ថ្ងែទី១៦​ ខែ​ឆ្នូ ឆ្នាំ២០១៨ ​ដើម្បីជាការគាំទ្រ និងលើកទឹកចិត្តដល់​កីឡាករកម្ពុជា៕