(ភ្នំពេញ)៖ ​អ្នក​ជំនាញ​អារ្យ​ធម៌​ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងដោយ​ធ្វើការ​ចាប់អារម្មណ៍​ថា​ថ្មីៗនេះ​​​ បើ​និយាយ​​​ពី​បរិបទ​ពិភពលោកហាក់​កំពុង​ជួប​នូវ​រឿង​គួរ​ឲ្យតាម​ដាន។.

លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះរឿងនេះ ជា​រឿងទ្វីប​អឺរ៉ុប​ ពួកស្បែកស​​ឯណោះ​​។ បាន​ន័យ​ថា​​សុខៗ​​ស្រាប់​តែ​លោក​ប្រធានាធិបតី​បារំាង​ អេម៉ានុយ ម៉ាក្រុង​ ប្រកាស​ចង់​បង្កើត​ទ័ព​​អឺរ៉ុប​ ដើម្បី​​​ជំនូស​ឲ្យ​​ទ័ព​ OTAN ​ដែលមាន​អាមេរិក​ជា​ចៅហ្វាយនាយតំាង​ពីក្រោយ​សង្រ្គាម​លោក​លើក​ទី២​មក​​នោះទៅវិញ​។

ចំពោះ​​រឿងលោក ម៉ាក្រុង ចង់​បង្កើតទ័ព​អឺរ៉ុប​ ​​​ដែល​​ធ្វើឲ្យពិភព​លោកកំពុង​តែ​ចាប់​​​អារម្មណ៍​​នឹង​អាមេរិក​​ពុំ​សប្បាយចិត្ដផង​​​នោះ​​​។​ស្ថិតត្រង់​ចំណុចនេះ​លោក រត្ន័ សណ្ដាប់ បាន​ថ្លែង​​រៀបរាប់​​ថាបើ​និយាយពី​ OTAN​ (Nortth Atlantic Allance) ដែល​យើង​ហៅថា​«សម្ព័ន្ធ​​អាត្លង់​ទិក​ខាងជើង»​​នោះ ​គឺ​ជាបក្សសម្ព័ន្ធយោធាមួយដែលមាន​អាមេរិក​ជាបងធំ ត្រូវបាន​​បង្កើត​ទ្បើង​​តាម​សន្ធិសញ្ញាអាត្លង់ទិក​ខាង​ជើង​​នៅថ្ងៃទី០៤ មេសា ឆ្នាំ​១៩៤៩​។ ​ចំពោះគោល​បំណងក្នុងការបង្កើតនេះ​​គឺដើម្បីទប់ទល់ឥទ្ធិពល​ពី​រុស្ស៊ី តែប៉ុណ្ណឹងឯង​។​​

ដោយ​ឈរលើ​មូលដ្ឋានអាមេរិក​ជាបងធំបក្សសម្ព័ន្ធយោធា​ OTAN​នេះ ហើយ​លោក ម៉ាក្រុង មាន​បំណងចង់បង្កើតកង​ទ័ពអឺរ៉ុប​​នេះ។​ ស្ថិត​ត្រង់ចំណុចទំាងនេះ​លោក រត្ន័ សណ្ដាប់ យល់​ថា​​​ចំពោះករណីលោក ម៉ាក្រុង ចង់បង្កើតទ័ពអឺ​រ៉ុប​​​​គឺ​​ប្រហែល​ជា​លោក ​ មើល​ឃើញ​អំពីគោល​​នយោបាយគំាពារ​ជាតិរបស់ពួក​​​អឺ​រ៉ុប​​សព្វថ្ងៃ​ ពិសេស​​ការ​បង់ប្រាក់ដល់​​​​OTAN​នេះ ​ដោយ​​ស្ថិត​ក្រោមលេស​របស់អាមេរិកថា​ជាការ​ជួយ​​​ទប់ទាល់​ឥទ្ធិពលពី​​​រុស្ស៊ី​នោះ គឺ​ប្រៀបបាន​អ៊ឺរ៉ុបខ្លួន​ឯង​យល់ព្រមជួយ​ទ្រទ្រង់​ឲ្យ​កង​ទ័ព​អាមេរិក​ ដើម្បី​​​ពង្រឹង​មូលដ្ឋាន​ទ័ព​ដាក់​​​​នឹម​អាណា​និគម​មក​លើ​ពួកអ៊ឺរ៉ុបខ្លួន​ឯងទៅវិញ​ទេ​។​​ ​​

មា​ន​ន័យ​ថាចំពោះ​​គោលនយោបាយ​គំាពារជាតិរបស់ពួក​អឺ​រ៉ុបសព្វថ្ងៃ​ ដោយយក​អាមេរិកំាង​ មក​ធ្វើជាចៅហ្វាយនាយ​ដើម្បី​ទប់ទល់ឥទ្ធិពល​​ពី​រុស្ស៊ីនេះ គឺ​មិនខុស​ពី​គោល​នយោបាយ​គំាពារជាតិ​របស់​ខ្មែរយើង​ ​កាល​ពីសម័យអាណានិគម​និយម​បារំាង​សែសនា​​ឆ្នាំ​១៨៦៣ ដោយហៅបារំាង​ឲ្យមក​ជួយ​ដើម្បី​ទប់ទល់ឥទ្ធិពល​ពី​សៀម​​យ៉ាង​ដូច្នោះ​ដែរ​​។​ ​​បាន​សេចក្ដី​ថា«អឺរ៉ុបកំពុងស្ថិតក្នុងការរស់នៅកាលពីសម័យ១៥៥មុនកម្ពុជាយើង»​នេះឯង។

បើ​ដូច្នេះ ចំពោះ​ទស្សននយោបាយការពារជាតិរបស់​លោក ម៉ាក្រុង ដែលចង់បង្កើតកង​ទ័ព​​អឺរ៉ុប​នេះ គឺមានន័យស្មើ​នឹងការ​រំដោះពួកអឺរ៉ុប​ ឲ្យ​ចេញ​ពីនឹម​អាណា​និគម​របស់អាមេរិក ឬរដ្ឋ​រណប​របស់អាមេរិក ឬរុស្ស៊ី យ៉ាងដូច្នោះ​ឯង​​៕​​