​(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខ​ជនសង្ស័យ​ ចំនួន​៦​នាក់​ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ដោយ​ឡែក​ៗ​ពី​គ្នា​។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានឲ្យដឹងថា ករណី​ទី១៖ ជនសង្ស័យ​៣នាក់​ បាន​ប្រេី​អំពេី​ហិង្សា​បណ្ដាល​ឲ្យមនុស្ស​ម្នាក់​ស្លាប់​ ពេល​មាន​ជម្លោះ​ក្នុង​ពេល​ផឹកស៊ី​ នៅថ្ងៃទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ២០១៨ នៅ​ចំណុចចូល​ទៅ​ផ្លូវកោះព្រាប (ក្បែរនគរបាលព្រំដែនទឹក)។ ជនសង្ស័យទី១៖ឈ្មោះ ឆាយ ស្រ៊ អាយុ២៤ឆ្នាំ, ទី២៖ឈ្មោះ ឆាយ កុងស៊ុន អាយុ២៣ឆ្នាំ និងទី៣៖ឈ្មោះ ប៊ុន ដារា អាយុ២១ឆ្នាំ ដោយឡែក សព​ជនរងគ្រោះឈ្មោះ ស៊ុន វិច្ឆិកា អាយុ២៨ឆ្នាំ ស្រុកកំណេីតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក​ឧត្តម​សេនីយ៍​ត្រី​ កុល​ ផាលី បាន​បញ្ជាក់ថា រឿង​ហេតុ​ ដំបូង​ជនសង្ស័យទាំង៣នាក់ខាងលេី និង​ជនរងគ្រោះ បានផឹកសុី​ជាមួយគ្នា នៅចិញ្ចេីមផ្លូវ​លេី​ទំនប់​រលក​ ផ្លូវ​ទៅ​កោះ​ព្រាប​ ​ពេល​ដែល​ជនរងគ្រោះស្រវឹងជោគជាំ បាន​ទាស់ពាក្យសម្ដីគ្នា ហេីយ​ ក៏វាយតប់គ្នាតែម្តង បណ្ដាលជនរងគ្រោះធ្លាក់ពីលេីផ្លូវ បុកថ្ម បែកក្បាល បាក់កស្លាប់តែម្ដង។ ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ នគរបាល​មូលដ្ឋាន​បាន​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ភ្លាម​ៗ​ ក្នុង​យប់​នោះ​តែម្ដង​។

ករណី​ទី​២៖ ក្រុម​ចោរ​លួចកាច់​សោរ​យក​ម៉ូតូ​ និង​ប្រេី​ប្រាស់​អាវុធ​ខុស​ច្បាប់​ ក្លែង​បន្លំ​ប្រេី​ប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ ដែលក្រុម​នេះ​មាន​បក្ខ៣​នាក់​ ត្រូវ​​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​នៅ​ ថ្ងៃ​ទី​១​៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ បន្ទាប់​ពី​ពួក​គេលួច​បាន​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រីម២០១៨ ពី​ក្រុង​ព្រះសីហនុ​ ហើយជិះ​គេច​តាម​ផ្លូវ​ ស្រុក​ស្ទឹងហាវ​ សំដៅ​ទៅ​ផ្លូវ​ជាតិ​លេខ​៤​ បម្រុង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ស្ពាន​ទី​៦​ ក្នុង​ឃុំ​សំរុង​ស្រុក​ព្រៃនប់​ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្តង​។

ជនសង្ស័យទី១៖ឈ្មោះ​ ចាន់​ ពិសិដ្ឋ​ ឬ​សែម ចន្ធូ​ ​អាយុ​៣​០​ឆ្នាំ​ មុខរបរ​​សន្តិសុខ​ឯកជន​ ក្រុម​ហ៊ុន ​Lucky មាន​ទីលំនៅ​ភូមិ​២០​ឧសភា​ ឃុំ​ស្វាយ​ប៉ោ​ ស្រុក​ស្វាយ​ប៉ោ​ ខេត្ត​បាត់ដំបង​។ ទី២៖ឈ្មោះ ​ឈឺ​ន​ ពេជ្រ​ ​អាយុ​៣​៦​ឆ្នាំ​មុខរបរ​អ្នកបើកបរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទាន់​ ឃុំ​ព្រែក​តា​ស្តេច​ ស្រុក​ស្វាយ​ប៉ោ​ខេត្ត​បាត់ដំបង​។

ក្រោយ​ពេលសាក​សួរ​ សមត្ថកិច្ច​បាន​ទៅ​ចាប់​ខ្លួន​គ្នា​វា​ម្នាក់​ទៀត​ឈ្មោះ ​គឹម​ សុផានិត​ ​អាយុ​២​៣ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ក្លែង​ឯកសណ្ឋាន​នគរបាល​ជាតិ​ និង​កាន់​កាប់​ប្រេី​ប្រាស់​អាវុធ​ខុស​ច្បាប់​ ដោយដកហូត​បាន​អាវុធ​រ៉ូ​ឡូ​មួយ​ដេីម​ មាន​គ្រាប់​២​ វិទ្យុ​ទាក់ទង​មួយ​គ្រឿង​ ប្រដាប់​កាច់ក​ម៉ូតូ​មួយ​ចំនួន​ និង​អាវ​ឯកសណ្ឋាន​នគរបាល​ជាតិ​មួយ​ និង​ម៉ូតូ​ជា​ផល​នៃអំពេីលួច ចំនួន២គ្រឿង​។

បច្ចុប្បន្នជនសង្ស័យ​ទាំងពីរក្រុម​ខាង​លេី​ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការ​តាមច្បាប់៕