(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ករណីកម្លាំងសមត្ថកិច្ចចាប់ខ្លូនជនជាតិបរទេសម្នាក់ ដែលអាក្រាតកាយនៅមាត់សមុទ្រឆ្នេរអូឈើទាលនោះ កើតឡើងតាំងពីជាង១០ឆ្នាំមុន ពោលអំឡុងឆ្នាំ២០០៦-២០០៧ ប៉ុន្ដែអ្នកប្រើប្រាស់ Facebook មួយចំនួនទើបយកមកបង្ហោះជាថ្មី ក្នុងចេតនាមិនល្អ ឬគ្រាន់តែចង់បានការចាប់អារម្មណ៍។

លោកឧត្តមសេនីយ៍ស្នងការ បានរៀបរាប់ថា ក្នុងករណីចាប់ជនបរទេសដែលបានអាក្រាតកាយនៅមាត់សមុទ្រអូឈើទាល ដែលបានទើប​បង្ក​ការភ្ញាក់ផ្អើល តាមសង្គម Facebook និងបណ្តាញសង្គមផ្សេងៗថ្មីៗនេះ គឺកើតឡើងតាំងពីអំឡុងឆ្នាំ​២០០៦​-​២០០៧ ហើយត្រូវ​បាន​សារព័ត៌មានជាភាសាអង់គ្លេសឈ្មោះ «Cambodia Expats Online» យកមកផ្សាយ​ជាថ្មីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ និង Facebook ឈ្មោះ «Troll Cambodia 2017» យកមកផុសកាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៦​ម្តងទៀត។​

ក្នុងការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បច្ចុប្បន្នក្រោយពីមានព័ត៌មាននេះផ្ទុះឡើងម្តងទៀត បានរកឃើញ​ថា កាលនោះជនបរទេសនេះ ​មានសភាពស្រវឹងជោគជាំខ្លាំងបាត់បង់ស្មារតី គ្មានម្ចាស់ការគ្រប់គ្រងខ្លួនឯង និងបានដើរស្រាតបង្កការអុកឡុក តាមអាហារដ្ឋាន តាមឆ្នេរអូ​​ឈើទាល និងបង្កការរំខាន បង្កជម្លោះជាមួយភ្ញៀវទេសចរ​ដ៏ទៃទៀត ជាហេតុនាំឲ្យប្រជាពលរដ្ឋ អាជីវករ និងអ្នករត់ម៉ូតូឌុប ដែលនៅជិតនោះចាប់ចង​ប្រគល់ឲ្យ កម្លាំងនគរបាលប៉ុស្តិ៍ និងអធិការខណ្ឌមិត្តភាព (ដែលបច្ចុប្បន្ននេះ ជាក្រុងព្រះសីហនុ) នាំខ្លួនយកមកអប់រំណែនាំរួចរាល់ ហើយចាប់តាំងពីពេលនោះមក ខាងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការណែនាំរឹតបន្តឹងភាពប្រាស្រ័យទាក់ទងរវា​ងកងកម្លាំងប្រដាប់អាវុធ និង​ភ្ញៀវជាតិ និងអន្តរជាតិ វិន័យកងកម្លាំងសមត្ថកិច្ច និងសីលធម៌ ដើម្បីបញ្ជៀសករណីណាដែលបង្កអសន្តិសុខសង្គម និង​បង្កឲ្យបំផ្លាញដល់វប្បធម៌។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ​នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ​ក្នុងមាត្រា​២៤៩ក៏បាន​ចែងពី បទបង្ហាញកេរ្ដិ៍ភេទជាសាធារណៈ អាចមើលឃើញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ទៅ៣ខែ និងពិន័យជាប្រាក់ផងដែរ។

ដូច្នេះហើយសូម​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ ​សូមមេត្តាចូលរួមគ្នា និងសហការ​ផ្តល់ព័ត៌មានពិត និងលើកស្ទួយមុខមាត់ខេត្តព្រះសហីនុ និង​ប្រទេសកម្ពុជា៕​