(ភ្នំពេញ)៖ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនគ្រប់រូបភាព ប៉ុន្តែការប្រើប្រាស់សិទ្ធិ សេរីភាពទាំងនេះ មិនត្រូវប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដ៏ទៃ ឬដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឡើយ ។ ដូចជាការបញ្ចេញមតិយោបល់ចំពោះបុគ្គលណាម្នាក់ ដោយការប្រើប្រាស់ពាក្យមិនសមរម្យ ពាក្យជេរប្រមាថ ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ជាសាធារណៈ ឬនៅទីសាធារណៈ គឺជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលនោះ។ តើទង្វើបែបនេះត្រូវបានចាត់ទុកជាបទល្មើសដែរឬទេ ? និងត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច ?

ដូច្នេះកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសជេរប្រមាថជាសាធារណៈ» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖

យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៣០៧ (បទល្មើសជេរប្រមាថជាសាធារណៈ) បានបញ្ញតិ្ដថា៖ «គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ»។ មានន័យថា ប្រសិនបើបុគ្គលម្នាក់ ឬមួយក្រុម ប្រើពាក្យពេចន៍មិនសមរម្យដូចជាជេរប្រទេច ឬ ដោយពាក្យមើលងាយ ទៅបុគ្គលណាម្នាក់ ឬមួយក្រុម ដោយគ្មានចេតនាទំលាក់កំហុសចំពោះអំពើណាមួយនោះទេ វាគឺជាការជេរប្រមាថ។

បទជេរប្រមាថត្រូវពិន័យជាប្រាក់ពី ១០០,០០០(មួយសែនរៀល) ទៅ១០,០០០,០០០ (ដប់លានរៀល) ប្រសិនបើការជេរប្រមាថ បានប្រព្រឹត្តឡើងតាមមធ្យោបាយ ណាមួយដូចខាងក្រោម៖

១៖ តាមពាក្យសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ។ ឧទាហរណ៍ លោក ក នៅក្នុងអង្គប្រជុំមួយ គាត់បានប្រើពាក្យពេចន៍មិនសមរម្យ (ពាក្យអាតិរច្ឆាន) ចំពោះលោក ខ និងបានប្រៀបធៀបលោក ខ ទៅនឹងសត្វឆ្កែ ឆ្មា ជាដើម ។

២៖ តាមលិខិត ឬគំនូរ ទោះបីជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយក្នុងចំណោមសាធារណៈជន ឬដាក់តាំងឱ្យសាធារណៈជនមើល ។ ឧទាហរណ៍ លោក សុខ នៅលើគេហទំព័រហេ្វសប៊ុករបស់ខ្លួន បានសរសេរនូវពាក្យប្រមាថមើលងាយចំពោះ លោក សៅ និងបានប្រើប្រាស់នូវរូបភាពកាត់តរូបលោកសៅ ដោយដាក់ក្បាលជាសត្វឆ្កែ ហើយផុសផ្សាយជាសាធារណៈ ។

៣៖ តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណៈជន ។ មធ្យោបាយទូរគមនាគន៍សោតទស្សន៍ អាចដូចជា តាមកញ្ចក់ទូរទស្សន៍ វិទ្យុ ជាដើម ។ ឧទាហរណ៍ អ្នកស្រី ស្រស់ បានថតសម្លេងជេរប្រមាថរបស់ខ្លួនចំពោះ លោក សង្ហារ ហើយបានយកខ្សែអាត់សម្លេងនោះទៅចាក់ផ្សាយនៅក្នុងស្ថានីយ៍វិទ្យុមួយ ។ ចំពោះអំពើនៃការជេរប្រមាថតាមសារព័ត៌មានត្រូវស្ថិតនៅក្រោមច្បាប់ស្តីពីរបបសារព័ត៌មាន ។

ចំពោះនីតិវិធីបណ្ដឹង បទជេរប្រមាថមានលក្ខណៈពិសេសខុសពីបទល្មើសផ្សេងៗទៀត បើយោងមាត្រា ៣០៩ (ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បណ្ដឹងចំពោះបទល្មើសជេរប្រមាថជាសាធារណៈ អាចធ្វើឡើងក្រោមរូបភាព ៣ យ៉ាងគឺ ៖

១៖ ក្នុងករណីដែលការជេរប្រមាថ ចំពោះសមាជិករដ្ឋាភិបាល ឬមន្រ្ដីរាជការសាធារណៈ ឬពលរដ្ឋទទួល អាណត្ដិសាធារណៈ ការចោទប្រកាន់ត្រូវធ្វើឡើងដោយសាមីខ្លួន ឬរបស់ប្រធានស្ថាប័នសាមី ។

២៖ ក្នុងករណីដែលមាន ការជេរប្រមាថចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងដោយសាមីខ្លួនដែលទទួលរងនូវការជេរប្រមាថនោះ។

៣៖ ការចោទប្រកាន់ធ្វើឡើងដោយស្វ័យប្រវត្ដដោយព្រះរាជអាជ្ញា កាលបើការជេរប្រមាថ ត្រូវធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬមួយក្រុមដោយមូលហេតុដើមកំណើត ជាតិពន្ធុ ពូជសាសន៍ សញ្ជាតិ ឬសាសនារបស់បុគ្គលនោះ ។ ក្នុងករណីនេះ នីតិវិធីនៃការបញ្ជូនទៅជំនុំជម្រះ ត្រូវអនុលោមតាមបញ្ញត្ដិនៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
នៅក្នុងករណីពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី ដែលកំណត់ក្នុងចំណុច ១ និង២ ខាងលើនេះ គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដោយអយ្យការ ហើយការដកបណ្ដឹងរបស់អ្នកប្ដឹង នាំឱ្យបណ្ដឹងអាជ្ញានោះរលត់ ។

សរុបមកបទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ និងមានទណ្ឌកម្មត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះ ហើយបទលើ្មសប្រភេទនេះវាមាននីតិវិធី ពិសេសសម្រាប់ការធ្វើបណ្ដឹងចោទប្រកាន់ ដោយពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយបណ្ដឹងអាជ្ញាក៏ត្រូវរលត់ដោយការដកបណ្ដឹងរបស់សាមីខ្លួន ឬស្ថាប័នសាមី ផងដែរ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group