(ភ្នំពេញ)៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ នៅព្រឹកថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទចូលគោរពវិញ្ញាណក្ខន្ធ​លោកតា ប្រាជ្ញ ឈួន​ អធិរាជចាប៉ីដងវែង ដែលបានទទួល​មរណភាព នៅ​យប់ថៃ្ងទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រះជន្ម៨២ឆ្នាំ ដោយជរាពាធ ហើយត្រូវបានយកមកតម្កល់​ធ្វើបុណ្យ នៅសាលាធម្មសភាវត្តបទុមវតី​ ស្ថិតនៅក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដើម្បីប្រារព្ធធើ្វបុណ្យ​តាមប្រពៃណីព្រះពុទ្ធសាសនា។

លោក អ៊ូច ភា ​បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រូសារសព និងសម្ដែងការសោកស្ដាយ ក្ដីអាលះអាល័យជាពន់ពេក ចំពោះការបាត់បង់នូវវីរ​សិល្ប​ករ ដ៏ល្បីល្បាញលោកតា​ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ ដែលជាអធិរាជចាប៉ីដងវែង និងដែលត្រូវចាត់ទុក្ខជាសម្បត្តិបេតិភណ្ខមនុស្សអរូបិយ ដែលពិភពលោកទទួលស្គាល់ ថាគ្មានអ្នកណាម្នាក់ មានទឹកដម ទឹកដៃ និងវោហាសាស្រ្ត ប៉ិនប្រសប់សម្ដែងដូចលោកតានោះឡើយ។

ក្រៅពីចូលរួមរំលែកទុក្ខដល់ក្រុមគ្រូសារសព និងសំដែងនូវក្ដីសោកស្ដាយចំពោះការទទួលមរណ​ភាពលោកតា ប្រាជ្ញ ឈួន, លោកអភិបាលខេត្តតាកែវ ក៏បាននាំមកនូវបច្ច័យចំនួន៣លានរៀល មកចូលបុណ្យសពផងដែរ។

សូមជម្រាបថា លោក​តា ប្រាជ្ញ ឈួន ប្រសូត្រនៅខែតុលា ឆ្នាំ១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​០៦​នាក់ ​នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ៕