(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា តម្លៃកសិផលរបស់ប្រជាកសិក រនៅតាមទីផ្សារនានាមានហាងឆេងខ្ពស់ ដែលបងប្អូនប្រជាកសិករ ត្រូវតែខិតខំបង្កបង្កើនផលទ្វេរដង ដើម្បីលើកស្ទួយកំរិតជីវភាពគ្រួសារ។

ការលើកឡើងរបស់លោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចុះចែកសម្ភារកសិកម្ម ជូនប្រជាពលរដ្ឋចំនួន១៦៥គ្រួសារ មកពី៣ឃុំ ក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោក ពឹង ទ្រីដា បញ្ជាក់ថា «កាលពីមុនបងប្អូនប្រជាកសិករ មានការព្រួយបារម្ភពីតម្លៃកសិផលរបស់គាត់ ដែលមិនទៀងទាត់ ជួនពេលខ្លះបានថ្លៃហើយជួនពេលខ្លះចុះថោក» ។

លោកបន្តថា «ចាប់ពីថ្ងៃនេះតទៅតម្លៃទីផ្សារកសិផលរបស់បងប្អូនប្រជាពលរដ្ឋ គឺលែងចុះថោកដូចមុនទៀតហើយ ដែលករណីនេះគឺបណ្តាលមកពី មានការលើកទឹកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកអភិបាលខេត្តព្រះវិហារផងដែរ ដោយធ្វើការជម្រុញអោយក្រុមហ៊ុន ក្នុងស្រុកនិងក្រៅស្រុកជួយទិញកសិផលខ្មែរយើង។ ហើយអ្វីដែលពិសេសជាងនេះ គឺបងប្អូនប្រជាកសិករជាច្រើនក្នុងខេត្តព្រះវិហាររបស់យើង បានចងក្រងជាសហគមន៍កសិកម្ម លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យាទៀតផង។

លោកបន្ថែមថា «ដូច្នេះតម្លៃកសិផលនៅតាមទីផ្សាររបស់ប្រជាកសិករ មិនមានការថ្លាក់ថ្លៃទៀតទេ ប៉ុន្តែអ្វីដែលបងប្អូនប្រជាកសិករ ត្រូវធ្វើនៅពេលនេះគឺត្រូវដាំដុះដំណាំផ្សេងៗ អោយច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារ» ។

លោក ពឹង ទ្រីដា បានបញ្ជាក់ថា ជាមួយនិងការជម្រុញអោយប្រជាពលរដ្ឋខិតខំបង្កបង្កើនផលនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តខេត្តព្រះវិហារ បានធ្វើការចែកសម្ភារកសិកម្មជូនប្រជាពលរដ្ឋ សម្រប់យកទៅផលិតធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

លោកបានថ្លែងថា «សម្ភារកសិកម្ម ដែលយកមកចែកជូនប្រជាកសិករនៅពេលនេះ ក្នុងគោលបំណង លើកកំពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការផលិតដាំដុះដំណាំកសិកម្ម ការចិញ្ចឹមសត្វជាដើម»។

ជាមួយគ្នានោះ លោក ពឹង ទ្រីដា ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមកសិករផលិតទាំងអស់ ត្រូវព្យាយាមដាំដុះនូវដំណាំគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ពិសេសគឺការចិញ្ចឹមសត្វត្រូវមានការថែទាំ តាមបច្ចេកទេស ដើម្បីបានទិន្នផលច្រើន ហើយត្រូវសហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម តាមរយៈមន្ត្រីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ក្នុងការសាកសួរពីរពត៍មានថ្មីៗ អំពីបច្ចេកទេសកសិកម្ម ដើម្បីបានចុះជួយទាន់ពេលវេលា នូវបញ្ហាក្នុងគ្រួសារនិមួយៗទាក់ទងនិងបញ្ហាដាំដំណាំនិងការចិញ្ចឹមសត្វ។

សូមបញ្ជាក់ថា កសិករដែលមកទទួលសម្ភារកសិកម្មនៅពេលនេះ គឺមានចំនួន១៦៥គ្រួសារ មកពី៣ឃុំក្នុងស្រុករវៀង រួមមានឃុំរីករាយ ឃុំរស្មីនិងឃុំរតនះ ក្នុងនោះកសិករចិញ្ចឹមមាន់ មាន១១២គ្រួសារ និងកសិករដាំបន្លែ មាន៥៣គ្រួសារ។ ចំណែកសម្ភារដែលត្រូវចែករួមមាន៖ ធុងទឹកចំណុះ១០០០កីត្រនិង៥០០លីត្រ ពូជបន្លែ សំណាញ់បាំងសួនបន្លែ សំណាញ់រៀបចំទ្រុងមាន់ ដាក់កូនមាន់ ត្រេបណ្តុះសាបកូនបន្លែ ព្រមទាំងវ៉ាក់សាំងមាន់ផងដែរ៕