(សៀមរាប)៖​ អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ បានថ្លែង​ថា តួនាទី និងការចូលរួមរបស់គិលានុបដ្ឋាក និងឆ្មប​ បានដើរតួយ៉ាងសំខាន់បំផុត ដែលមិនអាចខ្វះបានឡើយ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ។

ការថ្លែងបែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំ២០១៨ ស្តីពីការកសាងសមត្ថភាព និងភាពធន់នឹងគ្រោះមហន្តរាយ ដោយផ្តោតលើការចូលរួមរបស់គិលានុបដ្ឋាក នៃបណ្តាញការថែទាំ សង្រ្គោះបន្ទាន់ និងគ្រោះមហន្តរាយ​ អាស៊ីប៉ាស៊ីហ្វិក (APEDNN) ដែលប្រព្រឹត្តទៅដោយជោគជ័យ​ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប នៅថ្ងៃទី១៦​ ខែវិច្ឆិកា​ ដែលមានអ្នកជំនាញការ​ និងគិលានុបដ្ឋាកចូលរួមចំនួន១០៧នាក់ អញ្ជើញមកពីបណ្តាប្រទេសចំនួន​១៣ប្រទេស (អូស្ត្រាលី, កម្ពុជា, ចិន, ឥណ្ឌា, ជប៉ុន, ហ្វីលីពីន, កូរ៉េខាងត្បូង, ស្វ៊ីស, ថៃ, សហរដ្ឋអាមេរិក, ហ្វីជី,​ និងវៀតណាម)។

លោកស្រីវេជ្ជបណ្ឌិតបន្ដថា គិលានុបដ្ឋាក និងឆ្មបទាំងអស់ ត្រូវតែខិតខំស្វែងយល់នូវចំណេះ និងជំនាញរបស់ខ្លួនឲ្យតែច្បាស់ ​ពីវិធីសាស្ត្រអនុវត្ត ដើម្បីការកែលម្អការងារ ឲ្យមានលទ្ធផលល្អប្រសើរ​ និងការស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព, ពង្រឹងការងារសង្គ្រោះបន្ទាន់ និងសម្របសម្រួលពេលមានគ្រោះមហន្តរាយ ដើម្បីគាំទ្រដល់រដ្ឋ ជាសមាជិករបស់បណ្តាប្រទេសក្នុងបណ្តាញ។

លើសពីនោះលោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា គ្រោះមហន្តរាយ ក៏អាចមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ប្រទេស បន្តប៉ះពាល់ដល់ GDP និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។គ្រោះមហន្តរាយមានផលប៉ះពាល់ជាសកលទាំងនេះ មិនអាចត្រូវបានដោះស្រាយដោយសហគមន៍ ឬប្រទេសតែមួយបានទេ ជាចាំបាច់យើងត្រូវការ ធនធានជាច្រើន និងធនធានមនុស្សដែលមានវិជ្ជាជីវៈខុសៗគ្នាធ្វើការជាមួយគ្នាដើម្បីសង្គ្រោះជីវិតមនុស្ស។

ហេតុនេះហើយ នៅក្នុងការថែទាំ និងជួយសង្រ្គោះនេះ​ តំរូវឱ្យមានការចូលរួមពីគិលានុបដ្ឋាក និងឆ្មប​ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ​ និងមានសមត្ថភាពយល់ដឹង អំពីការងារដែលត្រូវធ្វើ និងរបៀបអនុវត្តការងារដោយប្រសិទ្ធិភាពខ្ពស់។ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងភាពគ្រោះអាសន្ន ស្មុគស្មាញដល់ជីវិតមនុស្ស នាពេលអនាគត ការកើនឡើងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ទៅលើបុគ្គល និងសហគមន៍ តំរូវឱ្យមានការអភិវឌ្ឍ ជាបន្តបន្ទាប់នូវគិលានុបដ្ឋាក និងឆ្មប ដែលមានសមត្ថភាព ដើម្បីបំពេញនូវតំរូវការផ្តល់សេវាថែរក្សាសុខភាព ជូនពលរដ្ឋ ។

លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាង ដល់សាកលវិទ្យាល័យពហុបច្ចេកវិទ្យាហុងកុង​ សាកលវិទ្យាល័យម៉ាហ៊ីដុលនៃប្រទេសថៃ​ និងនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ដែលបានសហការរៀបចំសន្និសីទអន្ដរជាតិ ដ៏មានសារសំខាន់នេះឡើង ដើម្បីគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ។

សូមជម្រាបថា សន្និសីទអន្តរជាតិប្រចាំឆ្នាំ២០១៨ ស្តីពីការ កសាងសមត្ថភាព និងភាពធន់នឹងគ្រោះមហន្តរាយ ដោយផ្តោតលើការចូលរួមរបស់គិលានុបដ្ឋាក នៃបណ្តាញការថែទាំ សង្រ្គោះបន្ទាន់ និងគ្រោះមហន្តរាយ​ អាស៊ីប៉ាស៊ីហ្វិក (APEDNN) បានធ្វើឡើងរយៈពេល២ថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្ដសៀមរាប ដែលបើកសន្និសីទនេះដោយ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ៕