(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ និងលោកស្រី អាន ផល្លា នារសៀលថ្ងៃសៅរ៍ ១០កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានមូលមតិគ្នាជាឯកឆ្ឆ័ន្ធក្នុងការចូលរួមពីលោក-លោកស្រីអភិបាលរង, សមាជិកក្រុមប្រឹក្សាខណ្ឌ, ប្រធាន អនុប្រធានការិយាល័យចំណុះជំនាញនានា, សមាគមន៍នារីខណ្ឌ, មន្ត្រីរាជការខណ្ឌ, និងលោក-លោកស្រីមន្ត្រីក្រុមប្រឹក្សាសង្កាត់ មេភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការប្រារព្ធពិធីអង្គកឋិនទាន «មហាសាមគ្គី» ដ៍ធំមួយដើម្បីដង្ហែរនាំយកបច្ច័យ ចំនួន២៤,២៣៣,០០០ រៀល និង៣,១៥៤ដុល្លាអាមេរិច ដើម្បីប្រគេនដល់ព្រះសង្ស ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា សម្រាប់ការកសាងសមិទ្ធផលនានានៅទីអារាមវត្តញាណរង្សី ស្ថិតនៅក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ការផ្ដួចផ្ដើមកម្មវិធីបុណ្យកឋិនទានមហាសាមគ្គីយ៉ាងអធឹកអធមខាងលើនេះ បើតាមលោក ជា ពិសី គឺបានប្រារព្វឡើង ក្នុងគោលបំណងដើម្បីសាងកុសលផលបុណ្យសម្រាប់ជាតិនេះ និងជាតិក្រោយទៀត ដែលជាពិធីបុណ្យមួយត្រូវបានប្រជាពលរដ្ឋខ្មែរ សាសនាព្រះពុទ្ធ គោរពធ្វើឡើងតៗគ្នារហូតពីជំនាន់មួយទៅជំនាន់មួយ តាមទំនាមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមក។

លោក ជា ពិសី បន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ ប្រជាពលរដ្ឋប្រុសស្រីសប្បាយនឹងការធ្វើបុណ្យកឋិនទាន រួមទាំងពិធីបុណ្យផ្សេងៗ ដែលជាទំនាមទម្លាប់របស់ដូនតា ជាពិសេសសម្តេចតេជោ បានធ្វើឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សចំពោះវិស័យព្រះពុទ្ធសាសនារស់រវើក និងបានដើរទទឹមគ្នារវាងពុទ្ធចក្រ និងអាណាចក្រ ដូចជាវត្តអារាម អាស្រម និងទីកន្លែងបូជាស្ការៈផ្សេងៗ មានវត្ត និងព្រះវិហារផងដែរ។

គួររំលឹកផងដែរថា បុណ្យអង្គកឋិនទាននាសម័យពុទ្ធកាល ពេលដែលព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃប្រើប្រាស់តែសំពត់បង្សុកូល គឺសំពត់ឥតម្ចាស់ ដែលភិក្ខុរកបានពីព្រៃស្មសាន ឬពីគំនរសំរាម ប៉ុន្តែក្រោយមកទើបទ្រង់អនុញ្ញាតឲ្យភិក្ខុអាចប្រើប្រាស់គហបតីចីវរ គឺសំពត់មានម្ចាស់ ដែលភិក្ខុបានមកដោយសារគេប្រគេន ចាប់ពីពេលនេះហើយ ដែលកឋិនទានចាប់ផ្ដើមមានកំណើតឡើងកឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដីអាចធ្វើបានតែក្នុងសម័យតែ១ខែគត់ «២៩ថ្ងៃ» ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សានរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាតក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលបានដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន៕