(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីបានទទួលដំណឹងថា មានស្រែប្រជាជននៅតំបន់ខ្លះ នៃឃុំជើងគោនិងឃុំវាលរេញ ស្រុកព្រៃនប់ ជួបបញ្ហាខ្វះទឹកគ្រាដែលស្រូវកំពុងចេញផ្លែ ក្រុមការងារមួយក្រុម ក្នុងនោះមានអភិបាលខត្តព្រះសីហនុ លោក យន្ត មីន, លោក នេន ម៉ាឡៃ អ្នកតំណងារាស្ត្រមណ្ឌលខេត្តព្រះសីហនុ ដែលទើបជាប់ឆ្នោតអាណត្ថិទី៦នេះ, លោក ពេជ្រ គឹមសាន្ត ទីប្រឹក្សាក្រសួងធនធានទឹក និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទខេត្តព្រះសីហនុ ជាច្រើនរូបទៀត បានចុះទៅពិនិត្យមើលស្ថានភាពស្រែរបស់ប្រជាពលរដ្ឋនៅចំណុចឃុំជើងគោ ស្រុកព្រៃនប់ ដែលមានបញ្ហាខ្វះខាតទឹកខណៈពេលដែលស្រូវ ចាប់ផ្ដើមចេញផ្លែតែឥឡូវកំពុងតែប្រឈមនឹងបញ្ហាខ្វះខាតទឹក។

ទីតាំងដែលមានបញ្ហាទឹកនេះ គឺមានប្រមាណ៥០០ហិកតា ក្នុងចំណោមផ្ទៃដីស្រែជិត១ម៉ឺនហិកតានៅតំបន់នោះ។

លោក ហេង សុភណ្ឌ័រិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានដាក់ម៉ា ស៊ីនបូមទឹកចំនួន២២គ្រឿង ដើម្បីបូមទឹកបញ្ចូលស្រែប្រជាពលរដ្ឋបង្ការខ្លាចស្រូវស្កក។
ចំពោះប្រពភទឹកនៅតំបន់នោះវិញ លោកប្រធានមន្ទីរធនធានទឹកបញ្ជាក់ថាមិនមានបញ្ហាចោទទេព្រោះមានប្រឡាយមេរហូតដល់០៦ខែ្សសម្រាប់ប្រើប្រាស់។

លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងស្រូវដែលកំពុងចេញផ្លែដែលអាចប្រឈម នាពេលនេះនៅឃុំជើងគោ មានប្រហែល២០០ហិកតា និងឃុំវាលរេញនៅជាប់ព្រំប្រទល់គ្នានេះដែរ មានប្រមាណ៣០០ហិកតាដែរ តែហាក់មិនធ្ងន់ធ្ងរនៅឡើយទេ។ បញ្ហានេះក្រុមការងារកំពុងជូយកសិករហើយ។

លោក យន្ត មីន អភិបាលបាលខេត្តព្រះសីហនុ បានជម្រុញឲ្យក្រុមការងារត្រូវតែរូតរះដាក់ម៉ាស៊ីនបូមទឹក ជូនពលរដ្ឋអោយទាន់ពេលវលា ដោយធ្វើយ៉ាងណាមិនមានបញ្ហានាំប៉ះពាល់ស្រូវប្រជាកសិករ។
លោក យន្ត មីន ប៉ាន់ប្រមាណថា ស្រែខ្លះដែលខ្វះទឹកអាចបណ្តាលឲ្យប៉ះពាល់ដែរប្រសិនជាមិនមានទឹកក្នុងរយៈពេល៥ទៅ៦ថ្ងៃទៀតហើយមេឃក្តៅហួតហែងបែបនេះ។

តែទោះជាបែបនេះក្តីលោក យន្ត មីន បានបញ្ជាក់ប្រាប់ម្ចាស់ស្រែទាំងនោះថា សូមកុំមានការព្រួយបារម្ភ ក្រុមការងារកំពុងជួយដោះស្រាយជូនហើយ។ កសិករម្ចាស់ស្រែសំដែងការត្រេកអរ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានចុះជួយដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋទាន់ពេលវេលាបន្ទាប់ពីបានទទួលដំណឹងនេះ៕