(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំពិភាក្សាជាមួយសមាជិកសមាជិកាបក្ស ដើម្បីរកចំណុចខ្លាំង និងចំណុចខ្សោយ គោលបំណងជួយប្រជាពលរដ្ឋឲ្យចំគោលដៅ ដែលពិធីនេះធ្វើឡើង ដោយមានការចូលរួមពីសមាជិកសមាជិកាបក្ស ចំនួន៤២៤នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។

លោក សុខ សម្បត្តិ ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានរាយការណ៍ថា ប្រជាពលរដ្ឋបានមកបោះឆ្នោតសរុបចំនួន២៨៨០៣នាក់ ស្មើនឹង៨៨,៥១ភាគរយ។ សន្លឹកឆ្នោតបានការចំនួន ២៦២២៣សន្លឹក សន្លឹកឆ្នោតមិនបានការចំនួន២៥៨០សន្លឹក សន្លឹកឆ្នោតសរុបចំនួន២៨៨០៣សន្លឹក និងបានចំណាយថវិកា ក្នុងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨នេះ អស់ចំនួនជាង៦៧ម៉ឺនដុល្លារ ដែលថវិកាទាំងនេះបានមកពីការចូលរួមពីការជួយឧបត្តម្ភពីថ្នាក់ដឹកនាំបក្ស និងសប្បុរសជន។

លោកបន្តថា ចំពោះការអភិវឌ្ឍមូលដ្ឋាន មន្ត្រីបក្សគ្រប់ថ្នាក់បានចុះជួយជាបន្តបន្ទាប់។ បញ្ហាអសកម្មភាពមួយចំនួន ក៏ត្រូវបានយកមកដោះស្រាយជូនពួកគាត់ទាន់ពេលវេលាផងដែរ។ សកម្មភាពដ៏ល្អរបស់បក្សប្រជាជនកម្ពុជា បានធ្វើឲ្យអតីតបក្សប្រឆាំងចូលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ហើយបើតាមការសន្និដ្ឋាន ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋគាំទ្រគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន។

លោក ឃួង ស្រេង បានណែនាំដល់ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ត្រូវប្រជុំឲ្យបានជាប់ជាប្រចាំយ៉ាងតិច១ខែម្តង ដើម្បីរកចំណុចខ្លាំង និងចំណុច មកអនុវត្តធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគោរព ស្រលាញ់ និងបោះឆ្នោតជូនបក្សយើងបន្តនៅអាណត្តិក្រោយៗទៀត។

លោកក៏សូមឲ្យក្រុមការងារពិនិត្យមែនទែននៅសង្កាត់ត្រពាំងក្រសាំង ដែលទទួលរងការលិចលង់កន្លងមកនេះ។ ក្រោយការស្នើសុំថវិកាមកកសាងផ្លូវលូ នៅក្នុងមូលដ្ឋានមួយឆ្នាំ ទើបធ្លាក់មកឲ្យយើងធ្វើបាន។ ដូច្នេះយើងត្រូវធ្វើយ៉ាងណាដោះស្រាយបឋមសិន នោះគឺការកាយទឹកឲ្យហូរ កុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋរយៈពេលយូរ។

លោកបញ្ជាក់ថា នៅពេលខាងមុខនេះ លោកនឹងប្រគល់ផ្លូវឲ្យខណ្ឌ សង្កាត់ទទួលខុសត្រូវលើរថយន្តដឹកដី ខូចផ្លូវ ធ្វើផ្លូវឲ្យវិញ ប្រឡាក់ផ្លូវត្រូវលាងឲ្យស្អាតឡើងវិញ បើមិនអនុវត្តទេ គឹមិនឲ្យធ្វើអាជីវកម្ម នោះទេ។ ការងារនេះត្រូវតែម៉ត់ចត់ជាមួយគ្នា ធ្វើផ្លូវអស់លុយច្រើនណាស់ មិនអាចឲ្យឡានដឹកទំនិញ ដឹកដីបំផ្លាញស្រួលៗនោះទេ ត្រូវតែចូលរួមថែរក្សាផ្លូវទាំងអស់គ្នា។

ចុងក្រោយ លោកប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានស្នើដល់សមាជិកក្រុមបក្សគ្រប់ជាន់ថ្នាក់ ចុះជួយដោះស្រាយបញ្ហាជូនប្រជាជនក្នុងមូលដ្ឋានឲ្យបានព្រមៗគ្នា៕