(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែ បានសហការជាមួយមន្ទីពាណិជ្ជកម្ម និងមន្ត្រីសាលាក្រុង ចុះត្រួតពិនិត្យរកសារធាតុគីមី នៅក្នុងចំណីអាហារ និងទំនិញហួសកាលបរិច្ឆេទ នៅស្តង់តាំងពិពណ៍ខេត្តស្ទឹងត្រែង ស្ថិតនៅតាមបណ្តោយមាត់ទន្លេសេកុង ក្នុងក្រុងស្ទឹងត្រែង ដើម្បីការពារសុខភាពប្រជាពលរដ្ឋមុននឹងដល់ថ្ងៃ ពិធីប្រណាំងទូក «ង» នៅថ្ងៃស្អែក។

លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការចុះត្រួតពិនិត្យទំនិញ និងចំណីអាហារដែលដាក់លក់ តាមស្តង់ពិពណ៍​ក្នុងកម្មវិធីប្រណាំងទូក «ង» នោថ្ងៃស្អែកនេះ គឺដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាទៅទិញទំនិញ ឬចំណីអាហារ ដែលមានសារធាតុគីមី និងហួសថ្ងៃខែកាលបរិច្ឆេទធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសុខភាពប្រជាពលរដ្ឋ។

លោកបានបន្តថា ដោយសារតែស្តង់តាំងពិពណ៍ ដែលដាក់លក់ចំណីអាហារ និងទំនិញជាច្រើនប្រភេទអ្នកលក់ និងអ្នកទិញភាគច្រើន សុទ្ធតែមានការយល់ដឹងទើបមិនមានអ្នកលក់ទំនិញខូចគុណភាពឡើយ។ ក្រោយការត្រួតពិនិត្យទំនិញ និងចំណីអាហារ នៅតាមស្តង់ពិពណ៍ ក្រុមមន្ត្រីជំនាញបញ្ជាក់ថាទំនិញ ដែលដាក់លក់និងចំណីអាហារមិនមានសារធាតុគីមី និងហួស ថ្ងៃ ខែ ឆ្នាំ។

សូមបញ្ជាក់ថា សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង តែងតែសហការជាមួយមន្ទីពាណិជ្ចកម្ម ចុះត្រួតពិនិត្យចំណីអាហារ តាមតូបលក់ដូរ នៅក្នុងខេត្ត និងរឹបអូបអូសបានវត្ថុតាងជាច្រើន យកទៅដុតកម្ទេចចោលផងដែរ៕