(ភ្នំពេញ)៖ ទូក «ង» វែងជាងគេនៅលើពិភពលោក ដែលទើបបំបែកកំណត់ត្រាឯតទគ្គកម្ម ឈ្មោះ «កម្ពោជិកបុត្ដាខេមរាតរី» នឹងត្រូវយកមកដាក់តាំងបង្ហាញ ជាសាធារណៈ នៅទល់មុខខាងកើតវាលព្រះមេរុហ៍ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីផ្ដល់ឲ្យសាធារណជនជាតិ និងអន្ដរជាតិ បានចូលរួមទស្សនា​​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមរំលឹកថា ទូក «ង» ដែលវែងជាងគេ ហើយផលិតដោយស្នាដៃកូនខ្មែរនេះ ​ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការ​ នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕