(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទជាតិលើកទី៥ ស្តីពី ការអភិវឌ្ឍន៍កសិកម្ម និងជនបទ ក្រោមប្រធានបទ «និរន្តរភាពសេដ្ឋកិច្ចជនបទ តាមរយៈកសិកម្មវៃឆ្លាតខាងអាកាសធាតុ ការកែច្នៃ និងពាណិជ្ជកម្មកសិកម្ម» នៅសាលាជាតិកសិកម្មព្រែកលៀប។

លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍នេះ ដើម្បីផ្សារភ្ជាប់ទៅនឹងការអប់រំ បណ្តុះបណ្តាល ក្នុងស្មារតីបន្តរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយសក្តានុពល ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីត្រូវការរបស់ប្រទេសជាតិ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបរិបទនៃឌីជីថលរូបនីយកម្ម និងបដិវត្ដន៍ឧស្សាហកម្មទី៤នេះ។

យោងលើខ្លឹមសារ នៃប្រធានបទរបស់អង្គសន្និសីទនាពេលនេះ លោករដ្ឋមន្រ្តី វេង សាខុន បានគូសបញ្ជាក់ថា «ចក្ខុវិស័យក្នុងវិស័យកសិកម្ម ដល់ឆ្នាំ២០៣០ គឺឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម ក្នុងការរួមចំណែកធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការលុបបំបាត់ភាពក្រីក្រ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព»

លោករដ្ឋមន្ត្រីបញ្ជាក់ថា ស្ថិតក្នុងអន្តរកាលនៃកំណើនសេដ្ឋកិច្ចជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីអនុវត្តមានជាអាទិ៍រួមមាន៖

១៖ ការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយត្រូវជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំក្នុងរង្វង់១០% ក្នុងមួយឆ្នាំ។

២៖ ការជំរុញ ផលិតកម្មសត្វនិងសុខភាពសត្វ តាមរយៈជំរុញការចិញ្ចឹមសត្វក្នុងអត្រាកំណើន៣% ក្នុងមួយឆ្នាំដោយផ្អែកលើប្រសិទ្ធភាពនៃការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វ មានលក្ខណៈប្រកួតប្រជែង បង្កើនសមត្ថភាពលើការបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ ធានាការផ្គត់ផ្គង់សត្វ ផលិតផលសត្វ ប្រកបដោយអនាម័យ គុណភាព សុវត្ថិភាព និងនិរន្តរភាព។

៣៖ ជំរុញការអភិវឌ្ឍវារីវប្បកម្មក្នុងកំណើន១៥% ក្នុងមួយឆ្នាំ កែលម្អគុណភាព និងសុវត្ថិភាពផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ ជាពិសេស ការអភិរក្សធនធានធម្មជាតិនិងមច្ឆជាតិជិតផុតពូជ

៤៖ ការលើកកម្ពស់ការគ្រប់គ្រង និងប្រើប្រាស់ធនធានដីកសិកម្ម ព្រៃឈើ និងជលផលឲ្យមានតុល្យភាពរវាងការអភិរក្ស និងអភិវឌ្ឍប្រកបដោយភាតរបរិស្ថាន។ ប្រាកដណាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ពង្រឹង និងពង្រីកភាពជាដៃគូរវាងតួអង្គពាក់ព័ន្ធទាំងអស់ ពិសេសគឺភាពជាដៃគូរវាងរដ្ឋនិងរដ្ឋ រដ្ឋនិងវិស័យឯកជន ដើម្បីលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ឲ្យកាន់តែមានការរីកចម្រើន។

ឧទាហរណ៍ថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយស្តីពីការគាំទ្រ លើកស្ទួយនិងអភិវឌ្ឍសហគ្រាស ធុនតូចនិងមធ្យមលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីបង្កើតការងារសម្រាប់ទាក់ទាញ កម្លាំងពលកម្មឲ្យនៅបម្រើការងារ នៅឯមូលដ្ឋានវិញ។ ប្រធានបទនៅថ្ងៃនេះ គឺមានសារៈសំខាន់ ក្នុងអន្តរកាលនៃការវិវឌ្ឍន៍រីកចម្រើនវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្រ្តី ក៏បានស្នើឲ្យអង្គសន្និសីទធ្វើការពិភាក្សា ផ្តល់មតិចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលជាធាតុចូលដ៏ចាំបាច់ ក្នុងការរិះរកគន្លឹះដោះស្រាយបញ្ហា និងដាក់ចេញគោលការណ៍ អនុវត្តច្បាស់លាស់ត្រឹមត្រូវ និងសមស្របប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជនបទ ឆ្លើយតបទៅតាមនិន្នាការទីផ្សារ ដែលមានការប្រកួតប្រជែងខ្ពស់ និងបរិយាប័ន ហើយក៏ត្រូវយកចិត្តទុកដាក់ពី ការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មកសិកម្ម ដែលនេះ គឺបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣។

ក្នុងនោះ ចំណុចគន្លឹះមួយចំនួនទៀត ក៏គួរតែពិនិត្យពិចារណាផងដែរមានជាអាទិ៍៖

ទី១៖ ជំរុញការអនុវត្តពិពិធកម្មកសិកម្មប្រកបដោយចីរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏ត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ ឲ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ទី២៖ ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងត្រូវបន្តសហការគ្នា រៀបចំកំណត់តំបន់ដីកសិកម្ម ឲ្យបានសមស្របសម្រាប់ទិសដៅប្រើប្រាស់យូរអង្វែង និងត្រូវអនុវត្តគោលការណ៍ពាក់ព័ន្ធ ដើម្បីឈានដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលកើតពីវិធានការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រមូលផ្តុំនៅក្នុងប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ី និងការអភិវឌ្ឍផ្អែកលើមូលដ្ឋានជីវៈចម្រុះ។

ជាមួយគ្នានេះដែរ ក៏ត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករដែលមានដីស្រែចម្ការតិចតួច ប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះ ឲ្យអស់លទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។

ទី៣៖ ត្រូវធ្វើទំនើបកម្មកម្មវិធីសិក្សា ការពិសោធន៍ស្រាវជ្រាវ ឧបទេសសិក្សា ការបន្តលើកកម្ពស់សមត្ថភាពស្របតាមនិន្នាការរីកចម្រើនរបស់ទីផ្សារ និងសង្គមជាតិ៕