(ឧត្តរមានជ័យ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមព្រំដែន​ ត្រូវតែទប់ស្កាត់ឲ្យខាងតែបានចំពោះការលួចឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលចូលទៅកាន់ប្រទេសថៃ ដើម្បីកាប់គ្រញូង តាមច្រករបៀងខុសច្បាប់។

ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ក៏បាន​ស្នើឲ្យ​ភាគីថៃ កុំបាញ់​ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅដោយខុសច្បាប់ ពោលត្រូវសហការ និងចាប់បញ្ជូនមកវិញតាមនីតិវិធីច្បាប់។​

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ច្រករបៀង​មិនមែនជាច្រក​ស្របច្បាប់ទេ​ មួយថ្ងៃៗថៃចាប់បញ្ជូនមក​៨០ ទៅ១០០នាក់​ ខ្ញុំ​តាមមើលរាល់ថ្ងៃ​ នេះដោយសារតែគាត់ឆ្លងដែនខុសច្បាប់​ អ្នកដែលឲ្យចេញចូល​ គឺមន្ត្រី​ការពារព្រំដែន​ ឬសមត្ថកិច្ចទេ​​។ ​ធ្វើយ៉ាងណា​ត្រូវទប់ស្កាត់មិនឲ្យ​ពលរដ្ឋ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅកាប់ឈើគ្រញូងនៅទឹកដីថៃ»

បន្ថែមពីនេះ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ​​ក៏គូសបញ្ជាក់ថា ​ព្រំដែនកម្ពុជា-ថៃ​ មានព្រំដែន​២២១គីឡូម៉ែត្រ​ ដូច្នេះសម្ដេច​​លើកទឹកចិត្តឲ្យកងកម្លាំងយោធា​ ​គ្រប់គ្រង​ច្រកព្រំដែនឲ្យបានត្រឹមត្រូវ​ ធ្វើយ៉ាងឲ្យសម្រេចបាន​ភាពជោគជ័យ​ និងធ្វើយ៉ាងណា​ឲ្យបានប្រយោជន៍ប្រជាជន​ទាំងពីរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងពី លទ្ធផលនៃការផ្តល់សេវារដ្ឋបាល របស់ការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងនានារបស់ការិយាល័យប្រជាពលរដ្ឋ ដែលបង្កើតឡើងនៅតាមក្រុង ស្រុក ខណ្ឌ នាពេលកន្លងមកបានបង្ហាញឲ្យឃើញនូវលទ្ធផលវិជ្ជមាន គួរជាទីមោទនៈ។

សម្ដេចថា ​ការិយាល័យទាំងពីរនេះ បាននិងកំពុងប្រតិបត្តិការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ដោយបង្កភាពងាយស្រួល ជូនប្រជាពលរដ្ឋដែលមកទទូលសេវា និងបានផ្តល់សេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា ព្រមទាំងបានប្រមូល​ចំណូល​ចូលថវិកាជាតិ ពីការផ្តល់សេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងចូលរួមចំណែកក្នុងការទប់ស្កាត់អំពើពុករលួយ៕