(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នគបាលខណ្ឌចំការមន បានបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន​៣​នាក់​ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​មានឈ្មោះ Business Channel Cambodia ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចំណាត់ការ តាមនីតិវិធី។

ការបញ្ជូនខ្លួនក្រុមជនត្រូូវចោទទាំង៣នាក់នេះ ធ្វើឡើងបន្ទាប់ពី កម្លាំង​មានសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង​ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ចំនួន​ជាង​១​លាន​ដុល្លារ ដើម្បី​ទាមទារ​លុយ​ថ្លៃ​កុំមីស្យុង​ ហើយម្ចាស់ផ្ទះ​ម្នាក់​បាន​ប្តឹង​សមត្ថកិច្ច​ថា «​ពួក​គេ​បាន​ចូល​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​គំរាមកំហែង​»

សំណុំរឿងនេះដែរ កំពុងស្ថិតក្នុងចំណាត់ការ បើកការសាកសួរ លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា មានហេតុការណ៍​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ បានកើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​៤៥ ផ្លូវ​លេខ​៤៦៨ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចបានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មានក្រុម​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​មានឈ្មោះ( Business Channel Cambodia) ចំនួន​៤​នាក់​បាន​នាំ​គ្នា​មក​កាន់​ផ្ទះ​វីឡា​មួយ​កន្លែង​ខាងលើ ដោយ​បុរស​ចំនួន​៣​នាក់​បាន​ចូល​ទៅ​ខាងក្នុង និង​ម្នាក់​ទៀត​នៅ​ឈរ​ចាំ​ខាងក្រៅ​របង​មុខ​ផ្ទះ ។

ពេល​ដែល​ពួក​គេ​ទាំង​៣​នាក់​បាន​ចូល​ទៅ​ខាងក្នុង​ផ្ទះ​វីឡា​នោះ​ ក៏បាន​ជួប​ជាមួយនឹង​បុរស​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​ថ្មី​ ដែល​ទើបនឹង​ទិញ​ពី​គេ និង​កំពុង​តែ​ឈរ​មើល​ការ​ខុស​ត្រូវ​កម្មករ​ធ្វើការ​ក្នុងផ្ទះ។

សមត្ថកិច្ចបា​ន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ពេល​នោះ​បុរស​ទាំង​៣​នាក់​ក៏​បាន​ធ្វើការ​សួរនាំ​រឿង​លុយ​កុំមីស្យុង​របស់​ពួក​គេ​ជាមួយនឹង​បុរស​ម្ចាស់ផ្ទះ​ថ្មី​ដែល​ទើបនឹង​ទិញ​ពី​គេ​ដែល​ពួក​គាត់​បានដឹង​ថា «​ផ្ទះ​វីឡា​មួយ​នេះ​មាន​តម្លៃ​ទៅ​ដល់​រហូត​ទៅ​ដល់​ជាង​១​លាន​ដុល្លារ​ឯណោះ​» តែ​សម្រាប់​លុយ​កុំមីស្យុង​ដែល​ពួក​គេ​មក​ទារ​ពី​គាត់​នា​ពេល​នេះ​មិនទាន់ដឹង​ថា ប៉ុន្មាន​ទេ ។

ពេលនោះ មានការ​ជជែក​គ្នា​តឹង​សរសៃ​.​ក​ហើយ​បុរស​ជា​ម្ចាស់ផ្ទះ​បានប្តឹងទៅ​នគរបាល​ប៉ុស្តិ៍​ប្រាប់​ថា «​មាន​គេ​ចូល​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​គំរាមកំហែង​ដល់​ក្នុងផ្ទះ​របស់​ខ្លួន​» ក្រោយមកសមត្ថកិច្ច បានឃាត់ខ្លួន​បុរស​ទាំង​៣​នាក់​តែ​ម្តងនោះ ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ នឹងត្រូវបានបន្តបញ្ជូនមកកាន់តុលាការ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ៕