(ភ្នំពេញ)៖ ជាការព្យាករណ៍ទុកមុន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ជឿជាក់ថា លោក សម រង្ស៉ី នឹងចាញ់សម្តេចតេជោ ហ៊ុន សែន ម្តងទៀត ក្នុងការភ្នាល់ដាក់សិទ្ធិសេរីភាព និងជីវិតនយោបាយរបស់ លោក កឹម សុខា។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ Fresh News យ៉ាងដូច្នេះថា៖ «សម រង្ស៊ី ជាសំផឹងនយោបាយដែលអគុណធម៌ ហើយនិយាយមិនដែលចាំមិនដែលគោរពសម្តីខ្លួនឯងទេ។ អំណួតសន្យាហួសមាឌរបស់ សម រង្ស៊ី ដែលបានធ្វើឡើង ក្រោយបោះឆ្នោតឆ្នាំ២០១៨នេះ​ រួមមាន៖ ទី១៖ សន្យាអួតថា ខ្លួននឹងទាមទារឱ្យអន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យរៀបចំការបោះឆ្នោតឡើងវិញឱ្យបាន។ ទី២៖ សន្យាអួតថា ខ្លួននឹងទាមទារឱ្យអង្គការសហប្រជាជាតិ ព្យួរទុកអាសនៈកម្ពុជាឱ្យនៅទំនេរ និងទី៣៖ ចុងក្រោយនេះយកវាសនានយោបាយ និងសេរីភាពរបស់លោក កឹម សុខា មកសម្លាប់ចោលក្នុងល្បែងភ្នាល់គ្នាជាមួយ លោក ហ៊ុន សែន ព្រោះមិនចង់ឱ្យលោក កឹម សុខា មានសេរីភាពដូចមុននោះទេ ដោយលោកខ្លាច លោក កឹម សុខា មានប្រជាប្រិយភាពជាងខ្លួន ក្រោយពេលទទួលបានសិទ្ធិសេរីភាព ខាងនយោបាយពេញលេញ»

លោក សួន សេរីរដ្ឋា បានបន្តថា ចំណុចខាងលើរបស់លោក សម រង្ស៊ី ក៏គ្រាន់តែជាសកម្មភាពត្រដរ ខ្យល់មួយដែលព្យាយាមធ្វើឱ្យឈ្មោះ និងសំឡេងរបស់ខ្លួន មាននៅលើសារព័ត៌មានតែប៉ុណ្ណោះ ពិសេសគឺបានវិទ្យុអាស៊ីសេរី ដែលជួយធ្វើពាណិជ្ជកម្មឱ្យលោករូបនេះ និយាយកុហកបោកប្រាស់ពលរដ្ឋខ្មែរ។

លោក សេរីរដ្ឋា បានបន្តទៀតថា៖ «សារជាតិជាសំផឹងនយោបាយ សម រង្ស៊ី មិនដែលចេះទទួលស្គាល់ការពិត និងមិនដែលចេះស្តាយអាយុជីវិតអ្នកគាំទ្រទេ។ នយោបាយរបស់សំផឹងនយោបាយ រូបនេះ គឺចំណាយអាយុជីវិតអ្នកគាំទ្រឱ្យស្លាប់ ដើម្បីប្រជាប្រិយភាពរបស់ខ្លួន ចំណាយសេរីភាពរបស់សកម្មជនឱ្យសកម្មជនជាប់គុក ដើម្បីខ្លួនយកព្រឹត្តិការណ៍ដើរធ្វើ ទេសចរណ៍នយោបាយរៃអង្គាសយកលុយចាយ ហើយចុងក្រោយនេះសូម្បីតែ កឹម សុខា ដែលជាអតីតដៃគូខ្លួនក្នុងក្រុមបក្សសង្គ្រោះជាតិ ក៏សម រង្ស៊ី យកមកធ្វើជាឈ្នាន់ ដើម្បីមុខមាត់មុខរបរសំផឹងនយោបាយរបស់ខ្លួនដែរ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ លោក សម រង្ស៉ី បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យសម្តេចលើកលែងទោសដល់ លោក កឹម សុខានោះ លោក សម រង្ស៉ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ សម្តេចបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។

ក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំង និងបក្ខពួករបស់ លោក កឹម សុខា បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក សម រង្ស៉ី ដែលចាត់ទុក លោក កឹម សុខា ជាឧបករណ៍នយោបាយ ហើយយកធ្វើជាកម្មវត្ថុក្នុងការភ្នាល់នេះ ដោយមិនបានចាត់ទុកលោក កឹម សុខា គឺជាដៃគូនយោបាយនោះទេ។

យ៉ាងណាក៏ដោយ ក្នុងការភ្នាល់នេះ ក្រុមអ្នកច្បាប់បានមើលឃើញជាមុនបាត់ទៅហើយថា លោក សម រង្ស៉ី អាចនឹងត្រូវចាញ់ សម្តេចតេជោ ហ៊ុន សែន ក្នុងការភ្នាល់នាពេលនេះ។ តែអ្វីដែលពួកគេបារម្ភ គឺទណ្ឌិតរូបនេះ មិនហ៊ានទទួលស្គាល់ការចាញ់ និងស្ម័គ្រចិត្តដើរចូលពន្ធនាគារអនុវត្តទោស ដូចអ្វីដែលរូបលោកប្រកាស។

ទោះជាយ៉ាងនេះក្តី បន្ទាប់ពីធ្វើការសង្កេតមើលឱ្យហ្មត់ចត់ ទៅលើខ្លឹមសារភាសាអង់គ្លេសរបស់ លោក សម រង្ស៉ី ដែលបង្ហោះនៅលើទំព័រ Facebook របស់លោក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នោះ លោក សម រង្ស៉ី មិនបានដាក់បញ្ចូលដូចខ្លឹមសារដែលថា «នឹងចូលឱ្យចាប់ខ្លួន បើសិនភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន» ដូចអត្ថបទខ្លឹមសារភាសាខ្មែរនោះទេ។

ក្រុមអ្នកលេង Facebook និងអ្នកតាមដាននយោបាយ បានលើកឡើងថា លោក សម រង្ស៉ី ពេលនេះកំពុងបំភាន់ដល់អន្តរជាតិ អំពីការភ្នាល់របស់លោក ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ដោយសារតែនៅក្នុងអត្ថបទខ្លឹមសារជាភាសាខ្មែរ និងភាសាអង់គ្លេស មិនដូចគ្នា។ ពួកគេអះអាងថា ការដែលមិនរំលេចថា «នឹងចូលឱ្យចាប់ខ្លួន បើចាញ់ការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន» នៅក្នុងខ្លឹមសារជាភាសាអង់គ្លេស នោះក៏ដោយសារតែ លោក សម រង្ស៉ី ខ្លាចខ្មាស់អន្តរជាតិ ដែលតាមដានព្រឹត្តិការណ៍នេះ បើសិនជាខ្លួនចាញ់សម្តេចតេជោ៕