(ពោធិ៍សាត់)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការតំណាងលោក ប៉ាន សូស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដែលប្រារព្ធធ្វើនៅសាលប្រជុំសណ្ឋាគារ ខេ អឹម ដោយមានអ្នកចូលរួមប្រមាណជាង៦០នាក់។

លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានថ្លែងជម្រាបជូនអំពីប្រវត្តិ និងសកម្មភាពរយៈពេល៣ឆ្នាំកន្លងមកថា អាណត្តិទី១ បោះឆ្នោតនៅឆ្នាំ២០០៦ អាណត្តិទី១ លើកទី១ បោះឆ្នោតឆ្នាំ២០១១ និងអាណត្តិទី២ លើកទី១ បោះឆ្នោតនៅឆ្នាំ២០១៥។ សភាពាណិជ្ជកម្មខេត្ត បានចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ទាំងក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេសចំនួន២១៥លើក ដូចជា នៅសហរដ្ឋអាមេរិក បារាំង ប៊ែហ្សិក កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី ថៃហ្វីលីពីន និងប្រទេសវៀតណាម ស្របតាមសមារហរណកម្មសេដ្ឋកិច្ចអាស៊ាន។

ជាមួយគ្នានោះដែរ ក៏បានចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងបានគាំទ្រដល់សិប្បករ សហគ្រាសធុនតូច និងមធ្យមក្នុងខេត្ត បង្កើតព្រឹត្តការណ៍ពាណិជ្ជកម្ម និងចុះឈ្មោះជាសមាជិក បាកូដក្នុងខេត្ត បានចំនួន៧។ ចំពោះទិសដៅវិញនោះ សភាពាណិជ្ជកម្មខេត្ត រក្សាទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរពាក់ព័ន្ធ មណ្ឌលសភាពាណិជ្ជកម្មខេត្តនានា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយបន្ថែម ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម សេវាកម្ម ចុះបញ្ជីបាកូដលើផលិតផលក្នុងខេត្ត និងស្វែងរកដៃគូរវិនិយោគ ក្នុង និងក្រៅប្រទេស ដើម្បីបង្កើនកាលានុវត្តភាព ផ្នែកពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនឡើង។

បន្ទាប់ពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរចំពោះសភាពាណិជ្ជកម្មខេត្ត ដែលបានចូលរួមគ្រប់ សកម្មភាពសង្គម និងការងារមនុស្សធម៌នោះរួចមក លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់ អាណត្តិនៅខែសីហា ឆ្នាំ២០១៨ និងត្រូវរៀបចំបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសម្រាប់អាណត្តិបន្ត ឲ្យបានមុនដំណាច់ឆ្នាំ២០១៨ ក្រោយពីប្រជុំផ្សព្វផ្សាយបើក ការិយាល័យចុះឈ្មោះ បោះឆ្នោតនេះទៅ។ យោងតាមច្បាប់ ស្តីពីសភាពាណិជ្ជកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងបង្កើតឲ្យមានសភាពាណិជ្ជកម្មនេះឡើង តាមអនុក្រឹត្យលេខ៥៦ អនក្រ.ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៤។

ជាមួយគ្នានោះ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានដំណើរការបោះឆ្នោតអាណត្តិទី១ លើកទី១ ឆ្នាំ២០០៦ មានសមាជិក១៥រូប ឆ្នាំ២០១១ បានបោះឆ្នោតអាណត្តិទី១ លើកទី២ ដើម្បីបំពេញបន្ថែមសមាជិក៧រូប ដែលបានបញ្ចប់អាណត្តិ ដោយទុកសមាជិក៨រូបបន្ត។ លោកបានបញ្ជាក់ទៀតថា បើយោងតាមមាត្រា នៃអនុក្រឹត្យ លេខ៤២អនក្រ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ សមាជិកទាំង៨រូបនេះ ត្រូវបានបញ្ចប់អាណត្តិរបស់ខ្លួន និងត្រូវរៀបចំបោះឆ្នោត អាណត្តិទី២ លើកទី២ ដើម្បីបំពេញបន្ថែម សមាជិកដែលផុតអាណត្តិ។

ដូចនេះដើម្បីឲ្យកិច្ចដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ទៅដោយមានភាពរលូន និងជោគជ័យនោះ សូមឲ្យបងប្អូនអាជីវករ ពាណិជ្ជករនៅក្នុងខេត្ត ចូលរួម និងស្វែងយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសភាពាណិជ្ជកម្មខេត្តមួយនេះ កាន់តែមានភាពផុលផុស សម្រាប់បន្តដឹកនាំឲ្យកាន់តែរីកចម្រើន រួមចំណែកកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ៕