(ចិន)៖ លោក អ៊ី កាង ទេសាភិបាលធនាគារប្រជាជនចិន (PBOC) បានប្ដេជ្ញាដាក់ចេញនូវគោលនយោបាយ ជាលំដាប់លំដោយ ដើម្បីពង្រីកការផ្ដល់ហិរញ្ញប្បទាន ដល់វិស័យឯកជន ដោយក្នុងនោះបានលើកឡើង ពីការចេញសញ្ញាប័ណ្ណ ប្រាក់កម្ចីធនាគារ និងហិរញ្ញប្បទានទុនជាដើម។

លោក អ៊ី កាង បានឲ្យដឹងទៀតថា ធនាគារប្រជាជនចិន កំពុងប្រឹងប្រែងផ្ដល់នូវមូលនិធិឥណទាន រយៈពេលវែងក្នុងតម្លៃទាប ដល់ធនាគារពាណិជ្ជនានា ដើម្បីជំរុញការផ្ដល់ប្រាក់កម្ចីដល់អាជីវកម្មឯកជន។ លោកថា «យើងនឹងផ្ដោតលើការដោះស្រាយបញ្ហា ឲ្យមានប្រសិទ្ធភាព ដែលវិស័យឯកជនកំពុងប្រឈម ដែលក្នុងនោះរួមមាន ការលំបាកលើបញ្ហាប្រាក់កម្ចី ការចេញសញ្ញាប័ណ្ណ និងការផ្ដល់ហិរញ្ញប្បទានដើមទុនជាដើម»

លោកបន្ដថា «យើងបានអនុម័តលើគោលនយោបាយចម្រុះមួយ ដែលមានឈ្មោះថា ព្រួញបី។ ព្រួញទីមួយ គឺត្រូវបញ្ចេញប្រាក់កម្ចីបន្ថែមសម្រាប់វិស័យឯកជន។ ធនាគារកណ្ដាលនឹងគាំទ្រដល់ធនាគារខ្នាតមធ្យម និងខ្នាតតូច ដែលពុំមានដើមទុនដើម្បីផ្ដល់ប្រាក់កម្ចីដល់អតិថិជនរបស់ខ្លួន ដោយការគាំទ្រនេះគឺធ្វើឡើងតាមរយៈការផ្ដល់ប្រាក់កម្ចីបន្ត និងការបញ្ចុះតម្លៃបន្ថែម។ ព្រួញទីពីរ គឺយើងនឹងដាក់ចេញនូវគោលនយោបាយលម្អិត សម្រាប់ការបញ្ចេញសញ្ញាប័ណ្ណ ដោយក្រុមហ៊ុនឯកជន។ ព្រួញទីបីគឺ យើងនឹងគាំទ្រដល់សហគ្រាសឯកជន សម្រាប់ការផ្ដល់ហិរញ្ញប្បទានដើមទុន»

ធនាគារកណ្ដាល បានបង្កើនកូតាប្រាក់កម្ចីបន្ត និងការបញ្ចុះតម្លៃបន្ថែមឲ្យបានក្នុងទំហំទឹកប្រាក់៤៣ពាន់លានដុល្លារ នៅឆ្នាំនេះ ដែលនេះជាចំនួនច្រើនបំផុត ពុំធ្លាប់មានពីមុនមកឡើយ ហើយក៏បានកាត់បន្ថយអត្រាការប្រាក់បាន ០.៥% សម្រាប់អ្នកខ្ចីខ្នាតតូច។

លោកទេសាភិបាល បានឲ្យដឹងទៀតថា ធនាគារកណ្ដាល ក៏បានចាត់វិធានការ ក្នុងការជួយគាំទ្រដល់ការផ្ដល់ហិរញ្ញប្បទានដើមទុន សម្រាប់ក្រុមហ៊ុនឯកជនផងដែរ។ លោកថា «យើងគួរអនុវត្តវិធានការនេះ ហើយហ៊ានទទួលអំរែកនេះ។ ដូចដែលលោកប្រធានាធិបតី ស៊ី ជិនពីង មានប្រសាសន៍ស្រាប់ហើយ ការរៀបចំត្រូវការ១០% ហើយការអនុវត្តគឺ៩០%។ ខ្ញុំគិតថា យើងអាចខិតខំប្រឹងប្រែងដោយអនុលោមតាមរូបមន្តនេះ»។

លោក អ៊ី កាង បានបន្ថែមថា «យើងគួរអនុវត្តនៅគ្រប់កម្រិតទាំងអស់ រាប់ចាប់តាំងពីការត្រួតពិនិត្យ លើផ្នែកហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រង រហូតដល់គ្រឹះស្ថានហិរញ្ញវត្ថុខ្នាតតូច និងខ្នាតមធ្យម»។ លោកបញ្ជាក់ថា ភាពលំបាក ផ្នែក ហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនឯកជន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម បានក្លាយជាបញ្ហាចាក់ស្រេះទូទាំងសកលលោក ហើយរដ្ឋាភិបាលប្រទេសចិន នឹងប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ទល់នឹង «បរាជ័យទីផ្សារ» នេះ។

ធនាគារកណ្ដាល បានកាត់បន្ថយអនុបាតលក្ខខណ្ឌទុនបម្រុងរបស់ខ្លួន ពោលគឺចំនួនសាច់ប្រាក់ ដែលធនាគារនានាត្រូវមានបម្រុងទុក ហើយការកាត់បន្ថយនេះ បានជួយឲ្យមានការបញ្ចេញសាច់ប្រាក់ប្រមាណ ៣៣១ពាន់លានដុល្លារ ទៅក្នុងទីផ្សាររូបិយប័ណ្ណ នាឆ្នាំនេះ។

គិតតាំងពីមុនរហូតដល់ត្រឹមដំណាច់ខែកញ្ញាកន្លងទៅ កម្ចីខ្នាតតូចដែលពុំទាន់សង មានទំហំទឹកប្រាក់១.១ទ្រីលាន ដុល្លារ គឺបានកើនឡើង១៨.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ បើគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៨វិញ កម្ចីខ្នាតតូចថ្មីៗ មានទំហំទឹកប្រាក់១៣៨ពាន់លានដុល្លារ គឺបានកើនឡើង១.៦ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (សារព័ត៌មាន CCTV របស់ចិន)