(ចិន)៖ ការអភិវឌ្ឍន៍នៃវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច (Online) បានជួយឱ្យហាងលក់ទំនិញទាំងឡាយ ក្នុងប្រទេសចិនផ្ដល់សេវាងាយស្រួលជូនអតិថិជន ដែលទិញទំនិញតាមអនឡាញ និងអតិថិជនដែលទិញតាមហាងដោយផ្ទាល់។

ការអភិវឌ្ឍនេះបានផ្លាស់ប្តូររបៀប ដែលអតិថិជនទិញ និងបង់ថ្លៃទំនិញក៏ដូចជាសេវាកម្មនៅទូទាំង ប្រទេសចិនតែម្តង។

ផ្សារ ហ័រម៉ា ហ្វេ្រស (Hema Fresh) នៅទីក្រុងប៉េកាំង ដែលជាហាងលក់គ្រឿងសមុទ្រ របស់ក្រុមហ៊ុន អាលី បាបា កំពុងទាក់ទាញអតិថិជនដែលធ្លាប់តែទិញទំនិញតាមអនឡាញ ឱ្យងាកមកទិញនៅតាមហាងផ្ទាល់វិញ។

ការព្យាយាមបង្កើតបទពិសោធន៍នៃ ការទិញទំនិញរាយបែបថ្មី របស់ក្រុមហ៊ុននេះបានផ្លាស់ប្រែមុខមាត់ថ្មី សម្រាប់វិស័យលក់ដូរតាមរយៈការតភ្ជាប់ និងការច្របាច់បញ្ចូលគ្នាដ៏រលូនរវាងផ្សារលក់ទំនិញតាមអនឡាញ និងផ្សារលក់ទំនិញមិនតាមអនឡាញ។ ក្រុមហ៊ុននេះកំពុងប្រើបច្ចេកវិទ្យា និងប្រព័ន្ធដឹកជញ្ជូនដើម្បីរុញច្រានវិស័យ ឧបភោគបរិភោគរបស់ចិន ឱ្យឈានដល់មួយកម្រិតទៀត។

លោក ស៊ូ ហុងឆាយ អនុប្រធានផ្នែកសេដ្ឋកិច្ច នៃមជ្ឈមណ្ឌលចិន ដើម្បីការដោះដូរផ្នែកសេដ្ឋកិច្ចអន្តរជាតិ ឲ្យដឹងថា វិធីលក់ទំនិញរាយតាមបែបថ្មី បានរក្សាសន្ទុះកំណើនបានយ៉ាងល្អនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាគច្រើនបានដោះស្រាយបញ្ហាតភ្ជាប់ ទំនាក់ទំនងគ្នាទៅវិញទៅមក នៃវិស័យផលិតកម្ម, លំហូរទំនិញ, និងការការប្រើប្រាស់ទំនិញផងដែរ។ អ្វីដែលពិសេសគឺបានកាត់បន្ថយ ការចំណាយយ៉ាងច្រើនព្រមទាំង បានបង្កើនប្រសិទ្ធភាពដោយប្រើប្រព័ន្ធដឹកជញ្ជូនដ៏លឿន វិធីនេះអាចបំពេញតម្រូវការ របស់អតិថិជនដែលចង់បាន សេវាកម្មមានគុណភាពខ្ពស់។

លោកបន្ដថា ក្នុងអំឡុងពេល២ឆ្នាំចុងក្រោយនេះក្រុមហ៊ុន ហ័រម៉ា បានបើកហាងចំនួន៩០កន្លែងនៅ១៦ទីក្រុង។ គ្រឿងសមុទ្រជាផលិតផល ប្រចាំហាងរបស់ក្រុមហ៊ុននេះ ដោយមានលកគ្រឿងសមុទ្រ គ្រប់យ៉ាងចាប់ពីបង្កងកាណាដា រហូតដល់ត្រី ហ្វ៊ូជាន ពណ៌លឿង។

លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះហាង ហ័រម៉ា ហ្វ្រេស កំពុងផ្តល់សេវាដឹកជញ្ជូនលឿន និងឥតគិតថ្លៃដល់អតិថិជន ដែលរស់នៅចម្ងាយបីគីឡូម៉ែតពីហាង ក្នុងរយៈពេល៣០នាទី។ ក្នុងហាងមានផលិតផលប្រហែល៧ពាន់ប្រភេទ ក្នុងនោះមានពាក់កណ្តាលជាផលិតផលនាំចូល ពីបរទេសហើយក៏មានលក់គ្រឿងសមុទ្រស្រស់ៗជូនដល់អតិថិជន គ្រប់ពេលវេលាតែម្តង។

លោក ស៊ូ ហុងឆាយ បន្ដថា ក្រុមហ៊ុនដែលរកស៊ីមុខរបរ ដែលពាក់ព័ន្ធគ្នាអាចទាក់ទងគ្នាបាន តាមរយៈវេទិកានេះ ដើម្បីមានឱកាសរៀនសូត្រពីគ្នា អំពីផលិតផល និងសេវាកម្មដែលទំនើប និងមានគុណភាពខ្ពស់មួយចំនួន ដែលមិនទាន់មានលក់នៅក្នុងប្រទេសចិន។ ដូច្នេះពិព័រណ៍នេះ កំពុងផ្សារភ្ជាប់ប្រទេសចិន ជាមួយនឹងបរទេសហើយ។

សូមជម្រាបថា ពិព័រណ៍នាំចូលអន្តរជាតិចិន ដែលរៀបចំឡើងនាពេលថ្មីៗនេះ ជាឱកាសល្អសម្រាប់ឱ្យហាង ហ័រម៉ា ហ្វេ្រស ក្នុងការបង្ហាញសេវាកម្ម របស់ពួកគេព្រមទាំងរៀនសូត្រ ពីក្រុមហ៊ុនដទៃផងដែរ៕​ (សារព័ត៌មាន CCTV របស់ចិន)