(ភ្នំពេញ)៖​ កម្លាំងកងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ​ ដឹកនាំដោយលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផែនអន្តរាគន៍​ និងស្តីទីប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងចុះឡោមព័ន្ធទីតាំងជួញដូរ​ និងចែកចាយគ្រឿងញៀន​មួយកន្លែង​ ដែលជាតំបន់ស្មុកស្មាញនៅខាងក្រោយវិហារ​ ឯក រង្សី ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន បានចំនួន​២នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន​៦នាក់។

ប្រតិបត្តិ​ការចុះបង្ក្រាប ដែលបានធ្វើឡើងកាលពីវេលាម៉ោង​១២៖១០នាទី ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចក្រោយវិហារ​ ឯក​ រង្សី ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏បានដកហូតថ្នាំញៀនចំនួន​១៣កញ្ចប់​ ជាប្រភេទ​ម៉ាកទឹកកកផងដែរ។

លោក​ ចាន់​ ស្លី​ បានឲ្យ​ភ្នាក់ងារ​ Fresh News ដឹងថា ដោយមានការណែនាំរបស់​​ ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យតាមបណ្តាលខណ្ឌនីមួយៗ​ ត្រូវធ្វើយ៉ាងណាទប់ស្កាត់​នៅបទល្មើស​ និងបង្ក្រាបឲ្យបានចំពោះករណីជួញដូរ​ និងចែកចាយគ្រឿងញៀន។

ក្រោយមក​ លោក​ ចាន់​ ស្លី​ បានដឹកនាំកម្លាំងកងអន្តរាគមន៍ខណ្ឌ​ ចុះធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ​ និងចែកចាយគ្រឿងញៀនខាងលើ​នេះ។ ដោយក្នុងប្រតិបត្តិការនេះ​ គឺកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ ដែលជាមុខសញ្ញាជួញដូរ​ និងចែកចាយគ្រឿងញៀន​ និងជនសង្ស័យចំនួន​៦នាក់ទៀត ប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង​៨នាក់ខាងលើ​ រួមនិងវត្ថុតាង ត្រូវបា​នកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ផ្នែកជំនាញ​ នៃអធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសួរនាំ​ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕