(សឹង្ហបុរី)៖ លោក Wang Shouwen អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងថា រដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងគាំទ្រវិនិយោគិនចិន មកវិនិយោគ និងបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

ការបញ្ជាក់ជំហររបស់លោក Wang Shouwen បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះនៅប្រទេសសិង្ហបុរី ទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។

យោងតាមមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានបង្ហាញពីស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាវឌ្ឍនភាពកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP។

លោករដ្ឋមន្រ្តីក៏បានពិភាក្សាជាមួយសមភាគីចិន ដោយស្នើភាគីចិនមកវិនិយោគនៅកម្ពុជា និងនាំចេញទៅចិនវិញដែលជាគោលនយោបាយឈ្នះ-ឈ្នះ សម្រាប់ភាគីទាំងពីរ។ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យចិនជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យអង្ករកម្ពុជានាំចេញទៅចិនឲ្យបាន ៣០០,០០០តោនក្នុង១ឆ្នាំ ដូចដែលបានឯកភាពគ្នា និងបង្កើនបន្ថែមទៀតនាពេលអនាគត។

លោកអនុរដ្ឋមន្ត្រី បានអះអាងថា ចិនតែងតែលើកទឹកចិត្ត និងគាំទ្រដល់វិនិយោគិនចិនមកវិនិយោគនៅកម្ពុជា។ ចំពោះករណីអង្ករភាគីចិននឹងឆ្លើយតបក្រោយពីពិភាក្សាផ្ទៃក្នុងរួច តែជាទូទៅនឹងខិតខំនាំចូលឱ្យដល់ ៣០០.០០០តោន ដែលជាកូតាឆ្នាំ២០១៨។

សូមបញ្ជាក់ថា តួលេខទុនវិនិយោគរបស់ចិននៅកម្ពុជា ក្នុងឆ្នាំ២0១៧កន្លងទៅ គឺជាតួលេខដ៏ខ្ពស់មួយដែលកម្ពុជា ទទួលបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ កំណើននៃការវិនិយោគនេះ ធ្វើឲ្យកម្ពុជារំពឹងថា នឹងជំរុញឲ្យមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្មកាន់តែកើនឡើង ថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ។

ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងបរិមាណសរុប ៥.៣ពាន់លានដុល្លារអាមេរិក គឺជាមធ្យមទុនវិនិយោគមានប្រមាណជា ១ពាន់ដុល្លារអាមេរិកក្នុង ១ឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួន រួមមាន៖ ធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ល។ ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏មានទំហំជាង ៥ពាន់លានដុល្លារអាមេរិកផងដែរ៕