(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរបូត៣ពិន្ទុ តាមរយៈចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ត្រឹមលទ្ធផល ០-១ នៅថ្ងៃបើកឆាកពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 ដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិនារាត្រីថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៣៤២៥០នាក់។

កម្ពុជា ស្ទើរតែនាំមុខ ១-០ ទៅហើយត្រឹមចាប់ផ្តើមលេងបាន ២នាទីដើមវគ្គទី១ តែត្រូវបានខកខានទៅវិញ ដោយសារតែខ្សែប្រយុទ្ធទាត់បាល់ស្រាលៗ និងអ្នកចាំទីម៉ាឡេស៊ី ជួយសង្រ្គោះបាន មុនពេលរបូត ១គ្រាប់វិញនៅនាទីទី៣០ ពីការតែតបញ្ចូលទីបានសម្រេចដោយកីឡាករពាក់លេខ៩ Norshahrul Idlan រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង។

យ៉ាងណាមិញ កម្ពុជា ក៏មានឱកាសវាយបកច្រើនណាស់ដែរ តែនៅតែធ្វើមិនបានសម្រេចដដែលក្នុងការបំបែកពងមាន់ម៉ាឡេស៊ី ដោយមានតែគ្រូបង្វឹក Felix Dalmas បញ្ជាផ្ទាល់នៅលើទីលាន ដោយពុំមានវត្តមានអ្នកចាត់ការទូទៅ Keisuke HONDA នោះឡើយ។

១ប្រកួតបន្ទាប់ កម្ពុជាត្រូវជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាការប្រកួតវគ្គសន្សំពិន្ទុលើកទី២ ក្នុងចំណោម ៥ក្រុមដែលស្ថិតក្នុងពូល A រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម៕