(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានថ្លែងដោយចាត់ទុកដាក់ សេវាកម្មច្រកចេញ​ចូលតែមួយ នៅក្នុងថ្នាក់ក្រោមជាតិ និងការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ជាជំហានសំខាន់ៗ ក្នុងការទទួលបាននូវសេវាកម្ម ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ នៅថ្នាក់ក្រោមជាតិ។

ក្នុងសន្និសទីសារព័ត៌មាន​មួយ នៅការិយាល័យសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីបង្ហាញអំពីរបាយការណ៍គំហើញបឋម នៃដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ​នៅកម្ពុជា នា​រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកស្រី រ៉ូណា ស្មីត ក៏បានសម្ដែងនូវការស្វាគមន៍ផងដែរ ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ដែលបានបង្កើតនូវសេវាកម្មច្រកចេញចូលតែមួយនេះ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមស្វាគមន៍ចំពោះសេវាកម្មច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិ ហើយជាពិសេស គឺការបង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីទទួលពាក្យបណ្ដឹងនឹងសេវាសាធារណៈ។ ទាំងនេះគឺជាជំហានសំខាន់ៗ ក្នុងការទទួលបាននូវសេវាកម្ម ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ នៅថ្នាក់ក្រោមជាតិ»។

បន្ថែមពីនេះ លោកស្រី រ៉ូណា ស្មីត ក៏បានគូសបញ្ជាក់ថា លោកស្រីបានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាក់ទងទៅនឹងការងារគ្រប់គ្រងថវិកា និងលក្ខខណ្ឌតម្រូវសម្រាប់ក្រសួងផ្សេងៗ ក្នុងការដាក់ជូនផែនការថវិកាច្បាស់លាស់ សម្រាប់ការចំណាយរបស់ពួកគេ គឺជារឿងដែលគួរឲ្យលើកទឹកចិត្ត។

សូមជម្រាបថា ពាក់ព័ន្ធបញ្ហាគណនីយភាពនេះ ក្នុងជំនួបជាមួយ​​សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី០៧ ខែវិច្ឆិកាម្សិលមិញ, សម្ដេចក្រឡាហោមក៏បានជម្រាបជូន លោកស្រី រ៉ូណា ស្មីត ដូចគ្នាថា​រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ​បានខិតខំយកចិត្តទុកដាក់ ដើម្បីលុបបំបាត់នូវ​ចំណុចអសកម្មផ្សេងៗ ដែលកម្ពុជាខិតខំបង្កើតឲ្យមានយន្ដការ ច្រកចេញចូលតែមួយនៅគ្រប់រាជធានី-ខេត្ត ខណៈដែលទិសដៅធ្វើឲ្យបានគ្រប់ស្រុក ដើម្បីផ្ដល់សេវាឲ្យកាន់តែជិត ជាមួយប្រជាពលរដ្ឋកាន់តែឆាប់រហ័ស និងមានតម្លាភាព។

​សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា​ ការិយាល័យច្រកចេញចូលតែមួយនេះ ក៏មានកន្លែងទទួលពាក្យបណ្ដឹង ប្រជាពលរដ្ឋដើម្បីដោះស្រាយ អ្វីដែលជាចំណុចអសកម្មនៅក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

ចំណុចនេះលោកស្រី រ៉ូណា ស្មីត ក៏បានសម្ដែងនូវការអបអរសាទរផងដែរ ហើយក៏លើកទឹកចិត្តឲ្យរដ្ឋាភិបាល​ ក៏ដូចជាក្រសួងមហាផ្ទៃ បន្ដខិតខំធ្វើយ៉ាងណា ពង្រឹងបន្ថែម បង្កើតបន្ថែមនូវការិយាល័យច្រកចេញចូលតែមួយនេះ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និងកាន់តែជិតស្និតជាមួយប្រជាពលរដ្ឋ៕