(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ភ្នាក់ងារព័ត៌មាន Fresh News បានទទួលឯកសារស្នើសុំឆ្វៀលដីពីទំហំ២៥០ហិកតា ពីឧទ្យានជាតិគីរីរម្យ ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ដោយបញ្ជាក់ពីមូលហេតុ ចង់ឲ្យប្រជាពលរដ្ឋនៅតំបន់នោះ បានរស់នៅដោយមានកម្មសិទ្ធិស្របច្បាប់។

ប៉ុន្តែសំណើសុំកិច្ចអន្តរាគមន៍កាត់ដីរហូតដល់២៥០ហិកតា ខាងលើនេះ ត្រូវបានអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានច្រានចោលទាំងស្រុង ថែមទាំងព្រមាន និងចាត់ឲ្យស្រាវជ្រាវរកមុខ មន្រ្តីទាំងឡាយណា ដែលរត់ការរឿងនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។

ពាក់ព័ន្ធបញ្ហានេះ មន្រ្តីសាលាខេត្តកំពង់ស្ពឺ បានលួចទម្លាយថា មានមន្ត្រីខ្លះនៅពីក្រោយខ្នង ដោយនាំគ្នាជួយរត់ការដើម្បីស្នើសុំឆ្វៀលដីរហូត២៥០ហិកតា ក្នុងតំបន់នេះដែលមានព្រះរាជក្រឹត្យ និងជាតំបន់ហាមឃាត់។ ប៉ុន្តែពេលមកដល់ដៃអភិបាលខេត្តកំពង់ស្ពឺ, ស្រាប់តែត្រូវលោកបានចារត្រឡប់ទៅវិញដោយប៊ិចក្រហមថា «បានឃើញ+មិនយល់ព្រម, អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវខិតខំរក្សាតំបន់ទាំងនោះឲ្យបានដាច់ខាត និងរកឲ្យឃើញជនពាក់ព័ន្ធរួចកសាងសុំណុំរឿងបញ្ជូនទៅតុការ»

មន្រ្តីសាលាខេត្ត បានបញ្ជាក់ទៀតថា ក្រោយមានចំណារនេះភ្លាមរបស់អភិបាលខេត្តនោះ បានធ្វើឲ្យមន្ត្រីនៅមូលដ្ឋានមួយចំនួន ហាក់ដកថយពីរឿងស្នើសុំនេះតែម្តង។

នៅក្នុងលិខិតអន្តរាគមន៍ដាក់ជូនអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ តំណាងប្រជាពលរដ្ឋ បានសុំឲ្យអភិបាលខេត្ត​ឆ្វៀលដីចំនួន២៥០ហិកតា ចេញពីតំបន់ឧទ្យានជាតិគីរីរម្យ ជូនទៅប្រជាពលរដ្ឋនៅភូមិចំការតែ និងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ដែលបានតាំងទីលំនៅ និងអាស្រ័យផលទាំងពីទស្សវត្សឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ ដើម្បីរស់នៅដោយមានភាពស្របច្បាប់៕