(ភ្នំពេញ)៖​ រថយន្តដឹកដីដឹកខ្សាច់របស់ឈ្មោះ វែង ដែលគេស្គាល់ថា «តាវែងៗ» នោះ បច្ចុប្បន្នកំពុងតែបំផ្លាញផ្លូវលំ និងផ្លូវបេតុងក្នុងខណ្ឌឫស្សីកែវ​ និងខណ្ឌជ្រោយចង្វារ ខូចខាតខ្ទេចខ្ទីអស់ ជាពិសេសរថយន្តរបស់ក្រុមតាវែងនេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានមនុស្សស្លាប់របួស​ និងខូចខាតទ្រព្យសម្បត្តិជាញឹកញាប់។

ប្រជាពលរដ្ឋឲ្យដឹងថា រថយន្តក្រុមតាវែងនេះ​ បានដឹកដីដឹកខ្សាច់បំផ្លាញផ្លូវខូចខាតស្ទើគ្រប់កន្លែង តាំងពីខណ្ឌជ្រោយចង្វារ រហូតដល់ខណ្ឌឫស្សីកែវ ហើយការដឹកដីដឹកខ្សាច់ មិនដែលគ្របតាមការណែនាំរបស់អាជ្ញាធរទេ​ ដោយកំពុបដី ឬខ្សាច់ជ្រុះពេញផ្លូវ ពេលខែភ្លៀងបែកភក់វ៉ល់ ពេលមេឃក្តៅហុយទ្រលោម ពេញផ្ទះប្រជាពលរដ្ឋពិបាករស់នៅណាស់។ ជាងនេះទៀត រថយន្តរបស់តាវែងនេះ យកតៃកុងក្មេងៗ បើកលឿនៗបង្កគ្រោះថ្នាក់ចរាចរណ៍ដល់មនុស្សស្លាប់ និងរបួសជាញឹកញាប់។

ជាក់ស្តែង រថយន្តដឹកដី​មួយគ្រឿង ដែលគេស្គាល់ថា​ជារបស់តាវែង បានបើកបុករះរថយន្ត រ៉ឺម៉ក់ និងម៉ូតូរ៉ឺម៉ក់កង់បី ជាបន្តបន្ទាប់ចំនួន​៥គ្រឿង ជ្រុលទៅមុខបុកគ្រែលក់បាយសម្ល និងកញ្ច្រែងផ្លែឈើ២ទៅ​ ៣កន្លែងទៀត កំពុបបែកបាក់ខ្ទេចខ្ទីអស់ តែសំណាងល្អក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ហើយតៃកុងវ័យក្មេង បានដាក់មេប្រូចតែគេចាប់បានវិញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៤៖០០នាទីរសៀល​ថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងវាយកូនហ្គោល​ ភូមិបឹងសាឡាង​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សកែវ​ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ​ ក្រចេះ​ 3A-0551​ ជារថយន្តដឹកដីដែលមាលោហ្គោ​ «ប្រុសវែង»​ បើកបរដោយក្មេងស្ទាវម្នាក់ និងរថយន្តរងគ្រោះមួយគ្រឿងទៀតម៉ាក​ ហាយលែនឌឺ​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-2321 ដែលមានឈ្មោះ ភួង ឡាង​ ភេទស្រី អាយុជាង​៣០ឆ្នាំ រស់នៅផ្ទះលេខ១៧១១​ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ មុខរបរ​ជាអ្នកចងការលុយ។

បើតាមសាក្សី មុនកើតហេតុរថយន្ត២គ្រឿងខាងលើ បើកស្របទិសគ្នាពីទៅត្បូងទៅជើង តាមបណ្តោយផ្លូវ ដោយផាស់អាប់បើក មុខរថយន្តហាយលែនឌ័រ បើកបន្ទាប់ រឺម៉ក់ដឹកទឹកកកបើកបន្ទាប់ពីហាយលែនឌ័រ និងរថយន្តហ៊ីយ៉ាន់ដាយបើកខាងក្រោយ លុះដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវមមាញឹកផងនោះ​ ស្រាប់តែរថយន្តបង្កម៉ាកហីយ៉ាន់ដាយរបស់តាវែងបើកខ្វះកាប្រុងប្រយ័ត្ន ទៅបុកពីក្រោយរឺម៉កដឹកទឹកកករ៉ឺម៉កដឹកទឹកក បានរេទៅបុកម៉ូតូយ៉ាម៉ាហាចតស្ងៀមរថយន្តដដែល មិនទាន់អស់ល្បឿនក៏ទៅរថន្តហាយលែនឌែពីក្រោយ រួចរថយន្តហាយលែនឌឺ ក៏ជ្រុលទៅផាស់អាប់ដែលនៅខាងមុខផាស់អាប់ ក៏រេចង្កូតទៅបុកគ្រែលក់បាយសម្ល និងកញ្ច្រែងផ្លែឈើក្បែររោងចក្រ បណ្តាលឲ្យខូចខាតរថយន្តធ្លាក់សម្ល និងផ្លែឈើដល់ដីខ្ទេចខ្ទីតែមិនបង្ករឲ្យមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ចំណែកដំណាងភាគីរថយន្តបង្ករបានសម្របសម្រួលដោះស្រាគ្នាដោយភាគីរថយន្តហ៊ីយ៉ាន់ដាយ ជួយចេញថ្លៃការខូចខាតបញ្ចប់រឿង។

មហាជននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកដីរបស់តាវែង ដែលតៃកុងក្មេងបើកគ្មានការប្រុងប្រយ័ត្ន ហើយគ្រោះថ្នាក់ចរាចរណ៍នេះ មុនកម្មកររោងចក្រចេញពីធ្វើការតែប៉ុន្មាននាទីប៉ុណ្ណោះ បើចំម៉ោងកម្មករចេញពីធ្វើការវិញ មិនដឹងមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ។ ដូច្នេះសូមអាជ្ញារធរពាក់ពន្ធ័មេត្តាជួយមានវិធានការលើរថយន្តដែលមានម្ចាស់ឈ្មោះតាវែងនេះផង៕