(ភ្នំពេញ)៖ អ្នកជំនាញជាតិ-អន្ដរជាតិជាច្រើនរូបបានរួមគ្នា រៀបចំសន្និសីទមួយស្ដីពី ការប្រើប្រាស់គម្រោងថាមពល ពន្លឺព្រះអាទិត្យ និងខ្យល់ (Inspire Asean)។ សន្និសីទនេះមានការចូលរួមពីអ្នកជំនាញ ដែលមកពីអង្គការថាមពល ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា។

អ្នកជំនាញដែលបានចូលរួម ក្នុងកម្មវិធីសន្និសីទនេះរួមមាន៖ លោក ភក្តី ហេង ស្ថាបនិក និងប្រធានវិទ្យាស្ថាន Enrich អ្នកបំផុសគំនិតផ្តួចផ្តើមនៃ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងទីក្រុងភ្នំពេញ, នាយកគ្រប់គ្រងប្រចាំប្រទេស EnergyLab ដែលជាអង្គការដែលបង្កើតឡើង ដើម្បីសម្រួលដល់ការរីកចម្រើននៃទីផ្សារថាមពលនៅកម្ពុជា, លោក Mr Olivier Duguet នាយកប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន The Blue Circle, លោក Duguet អ្នកទទួលខុសត្រូវលើគម្រោងហិរញ្ញវត្ថុ ការរៃអង្គាសសម្រាប់មូលនិធិ, លោក Rogier van Mansvelt វិស្វករថាមពលកកើតទ្បើងវិញក្រុមហ៊ុន CominAsiaជាដើម។

សន្និសីទស្ដីពីគម្រោង Inspire Asean រៀបចំឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការជជែកពិភាក្សា រវាងអ្នកជំនាញជាតិ-អន្ដរជាតិ ដើម្បីធ្វើយ៉ាងណាជំរុញការផ្សារភ្ជាប់ផ្នែកឧស្សហកម្ម បណ្ដុះផ្នត់គំនិតទៅរកការផ្លាស់ប្ដូរ ទៅរកការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។

គម្រោង Inspire Asean នេះផ្ដោតសំខាន់លើយុទ្ធនាការ សប្តាហ៍នៃថាមពលស្អាត (Clean Energy Week Cambodia) ដែលត្រូវបានអនុវត្តចាត់តាំងពីថ្ងៃទី០១-០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងប្រទេសកម្ពុជា។

លោក Tassilo Brinzer នាយកប្រតិបត្តិទស្សនាវដ្តី Globe Media Asia បានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះទស្សនវិស័យនៃការកកើត និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា។

លោកបន្ដថា «នេះជាលើកដំបូងសម្រាប់កម្ពុជា ដែលលើកយកប្រធានបទនេះ មកវែកញែកជាសាធារណៈ តាមរយៈការរៀបចំកម្មពិធី Clean Energy Week Cambodia ពេញមួយសប្តាហ៍នៅទីក្រុងភ្នំពេញ។ សន្និសីទស្តីពីគម្រោង Inspire Asean មានមហិច្ឆតាខ្ពស់ក្នុងការលើកកម្ពស់ ការប្រើប្រាស់ និងពន្លឿនការលូតលាស់ ផ្នែកថាមពលនៅកម្ពុជានាពេលអនាគត»

លោកបន្ដទៀតថា ការកកើតឡើងវិញនៃថាមពលនេះ នឹងជំរុញឲ្យកំណើនសេដ្ឋកិច្ច ព្រមទាំងពន្លឿនផ្នែកឧស្សាហកម្ម នៅកម្ពុជាផងដែរ។ លោកថា សន្និសីទនេះនឹងអាចបំផុសគំនិតមនុស្សកាន់តែច្រើន យកចិត្តទុកដាក់លើវិស័យនេះ ព្រមទាំងការធ្វើអាជីវកម្មថាមពលផងដែរ។

សូមបញ្ជាក់ថា គម្រោង Inspire Asean ជាផ្នែកមួយនៃយុទ្ធនាការ Clean Energy Week លើកដំបូងនៅកម្ពុជា បានរៀបចំឡើងដោយក្រុមហ៊ុន EnergyLab និងទទួលរ៉ាប់រងដោយប្រព័ន្ធផ្សព្វផ្សាយ Globe Media Asia និងរួមសហការជាដៃគូរជាមួយក្រុមហ៊ុន CominAsia៕