(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្រុមជនសង្ស័យក្នុងសំណុំរឿង ទទួលផលចោរកម្ម២នាក់ ក្នុងចំណោម៣ ដាក់ពន្ធនាគារ រង់ចាំជំនុំជម្រះតាមនីតិវិធី ខណៈជនសង្ស័យម្នាក់ទៀត ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន សម្រេចដោះលែងឲ្យទៅផ្ទះវិញ។ នេះបើតាមការបង្ហើបពីសមត្ថកិច្ច មកកាន់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ នៅល្ងាចថ្ងៃដដែលនេះ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាអ្នកទទួលទិញរបស់ចោរ ដែលត្រូវលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដោះលែងមានឈ្មោះ យស សុខុម មុខរបរអ្នកទិញរថយន្តចោរ និងជាថៅកែហ្គារ៉ាស់លក់រថយន្ត។

ដោយឡែក ជនត្រូវចោទដែលចៅក្រមស៊ើបសួរសម្រេចដាក់ពន្ធនាគាររួមមាន​៖ ទី១-ឈ្មោះ ឡេ យ៉ាងហឿង អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកទិញរថុយន្តពីចោរ និងលក់ឡាន និងទី២-ឈ្មោះ ង្វៀង យ៉ាងតាយ ហៅ អោសេរីវុធ ហៅ តាបា ជនជាតិវៀតណាម មុខរបរអ្នកទិញរថយន្តពីចោរ និងលក់រថយន្ត។

សូមជម្រាបជូនថា កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ក្រុមជនសង្ស័យទាំង៣នាក់ខាងលើ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានលិខិតរបស់ នគរបាលវៀតណាម ពាក់ព័ន្ធករណីទិញលក់រថយន្ត ដែលក្រុមចោរលួចនាំយកមកលក់ក្នុងប្រទេសកម្ពុជា។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតបានរថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន១គ្រឿង និងស្លាកលេខរថយន្ត ចំនួន១០បន្ទះផងដែរ៕