(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Liu Gaodao អនុប្រធានអង្គការ CATAS (Chinese Academy of Tropical Agricultural Sciense) នៃប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ ផ្តោតលើការបណ្តុះបណ្តាលលើវិស័យកសិកម្ម។ ការចុះអនុស្សរណៈនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

មុនចាប់ផ្តើមចុះហត្ថលេខាលើអនុស្សរណៈនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា វាជាការរួមចំណែកកាន់តែជ្រាលជ្រៅលើកិច្ចសហប្រតិបត្តិការរវាកម្ពុជា-ចិន កាន់តែមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដែលថ្នាក់ដឹកនាំទាំងពីរចាត់ទុកថាជាយុទ្ធសាស្ត្រដែកថែប។ គម្រោងមួយនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ផ្លូវមួយខ្សែក្រវាត់មួយ ដែលជាគំនិតផ្តួចផ្តួចរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ដែលកម្ពុជាជាដៃគូមួយនៅក្នុងយុទ្ធសាស្ត្រមួយនេះ កន្លងមក មិនត្រឹមតែសហប្រតិ្តបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ ទេសចរ ឥលូវឈានចូលការអភិវឌ្ឍវិស័យធនធានមនុស្សថែមទៀត។

នៅក្រោយចប់ពិធីចុះហត្ថលេខា លោក ឡៅ ហ៊ីម អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានឲ្យដឹងថា មូលហេតុភាគីចិនចុះហត្ថលេខាជាមួយក្រសួងការងារ ដោយសារក្រសួងមានសាលាជាច្រើនលើការបណ្តុះបណ្តាលធនធានមនុស្ស គ្របដណ្តប់នៅទូទាំងប្រទេស។

គោលដៅនៃពិធីនាពេលនេះ គឺចង់បង្កើនសមត្ថភាពក្នុងការកែច្នែផលិតផលកសិកម្ម និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាពទាំងនៅប្រទេសចិន និងកម្ពុជា ពិសេសទៅលើប្រជាកសិករខ្មែរឲ្យគាត់ចេះខាងច្នៃផ្នែកដាំដុះ ក៏ដូចជាផ្នែកប្រមូលធ្វើយ៉ាងណាឲ្យការប្រមូលផលឲ្យត្រូវនឹងនិន្នាការបច្ចុប្បន្ន និងអនាគត ដូចជាការប្រើប្រាស់ជី និងការប្រើប្រាស់ពូជជាដើម។

ជាមួយគ្នានេះ លោកអនុប្រធានអង្គការ CATAS បានរៀបរាប់ថា CATAS គឺជាវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិចនៃប្រទេសចិន ឈរលើលំដាប់ថ្នាក់ធំជាងគេនៅចិន ដែលទទួលការសិក្សាស្រាវជ្រាវលើ វិស័យកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗដែលទាក់ទងផ្នែកកសិកម្មដោយមានវិទ្យាស្ថាន ក្រោមអង្គការចំនួន ១៣វិទ្យាស្ថាន លើជំនាញខុសៗគ្នា។

សូមបញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខានេះ ភាគីទាំងពីរ កម្ពុជា-ចិន នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន រួមមាន៖ ការផ្លាស់ប្តូរសម្ភារសិក្សាស្រាវជ្រាវ ឯកសារ និងព័ត៌មានពាក់ព័ន្ធ កម្មវិធីផ្លាស់ប្តូរគ្រូ និងអ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រ វគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់អ្នកគ្រប់គ្រង់ជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃក្រសួងការងារ និងការបណ្តុះបណ្តាលពីចម្ងាយ (Web distance training) ដែលគាំទ្រដោយអង្គការ CATAS៕