(ភ្នំពេញ)៖ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ការយល់ដឹងពីពិភពលោកដ៏ធំ និងការអភិវឌ្ឍន៍ដែលល្អបំផុត ដោយការការពារពីសាប៊ូ Protex » ដែលរៀបចំដោយក្រុមហ៊ុន Calgate និង Palmolive នៅក្នុងសួនសត្វភ្នំពេញសាហ្វារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដែលកម្មវិធីនេះមួយបង្កើតឡើង ដើម្បីផ្សព្វផ្សាយពីសារសំខាន់នៃអនាម័យ ចំពោះសុខភាពរបស់កុមារ។

ពិធីនេះមានការចូលរួមពី លោកស្រី ម៉ែន នារីសុជាតិ អនុប្រធានមន្ទីពេទ្យព្រះកុសុមៈ លោកស្រី ឆាយ ស្វែងជាអាទិ៍ គណៈកម្មាធិការឆ្មប លោក Bishan Guatam នាយកក្រុមហ៊ុនខលហ្គេតប្រចាំនៅក្នុងប្រទេសកម្ពុជា រួមទាំងបុគ្គលិករបស់ក្រុមហ៊ុនខលហ្គេត អាណាព្យាបាល និងសិស្សានុសិស្ស ជាង២០០នាក់ផងដែរ។

លោកស្រី ម៉ែន​ នារីសោភ័គ​ បានថ្លែងថា កម្មវិធីនេះពិតជាមានសារសំខាន់ៗណាស់ ក្នុងការបញ្ជៀបការកសាង ការអប់រំបណ្តុះបណ្តាលដល់ក្មេងៗឱ្យមានអនាម័យ ឱ្យចេះយកចិត្តទុកដាក់ទៅលើអាហារូបត្ថម្ភ និងការហូបចុកផងដែរ​ ហើយកាកបាទក្រហមកម្ពុជាក៏តែងតែបានរៀបចំ​ទាក់ទងនឹងអនាម័យនេះមានជាច្រើនដែរ ដោយកាកបាទក្រហមបានផ្តោតទៅលើសហគមន៍ និងសាលាបឋមសិក្សា​ជាគោលដៅ ដែលយើងបានរៀបចំ ឱ្យមានកន្លែងលាងដៃ ឱ្យមានសាប៊ូសម្រាប់លាងដៃដើម្បីឱ្យបានស្អាត មុននឹងការចាប់កាន់ម្ហូបអាហារ​ ហើយបើសិនជាយើងមិនមានអនាម័យត្រឹមត្រូវទេ វាអាចធ្វើឱ្យយើងប៉ះពាល់ដល់សុខភាពផងដែរ។

លោកស្រី បានបញ្ជាក់ទៀតថា ​ក្នុងនាមកាកបាទក្រហមកម្ពុជា ជាក្រុមការងារដែលធ្វើការមនុស្សធម៍ ហើយការដែលជួយទៅដល់ប្រជាពលរដ្ឋមិនមែន ត្រឹមតែជារឿងចែកអំណោយមួយនោះទេ អ្វីដែលសំខាន់បំផុតនោះគឺជាសារអប់រំ​ ការគិតគូរអំពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយនៅក្នុងថ្ងៃនេះដែរ ក្រុមហ៊ុន Calgate និង Palmolive បានរៀបចំនេះឡើង សង្ឃឹមថា លោកឱពុក អ្នកម្តាយ និង​សិស្សានុសិស្ស មកពីសាលាទាំងអស់ បានយល់ដឹងបានច្រើន និងអាចពាំនាំនូវសារទាំងអស់នេះ យកទៅចែករំលែកដល់ បងប្អូន និងក្រុមគ្រួសារ បានយ៉ាងច្រើនផងដែរ ដើម្បីបានយល់ដឹងកាន់តែច្បាស់ពីការថែទាំសុខភាពជៀសវាងការឆ្លងរោគផ្សេងៗ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Calgate និង Palmolive (ប្រទេសថៃ) នាំចូលផលិតផល Protex គឺជាក្រុមហ៊ុនដែលបាននាំចូលផលិតផល ថែរក្សាសុខភាពស្បែកនាំមុខគេនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមថែរក្សាសុខភាពអនាម័យដ៏ល្អ នៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជាជាង ២០ឆ្នាំមកហើយ ហើយក៏ជាក្រុមហ៊ុន ដែលជួយការពារសុខភាពអនាម័យរបស់ប្រជាជនកម្ពុជា ព្រមជាមួយការជួយការពារពីបាក់តេរីយ៉ាងមានប្រសិទ្ធភាពរហូតដល់៩៩.៩% ផងដែរ៕