(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យការដ្ឋាន​ស្តារភក់​ក្នុងអាងប្រព្រឹត្តកម្ម​ នៅស្ថានីយ​ចម្រោះ​ទឹកកខ្វក់ ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលអនុវត្តដោយ​ក្រុមហ៊ុន BUGC​ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨នេះ។

​ស្ថានីយ​អាងចម្រោះទឹកកខ្វក់នេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ​​១៦,២ហិតា មានសមត្ថភាពសំអាត ប្រមាណ៦,៩០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្ដែដោយសារការប្រើប្រាស់ចាប់ពី​ឆ្នាំ​​២០០៦ ​មកដល់បច្ចុប្បន្ន​ ​បានធ្វើឲ្យស្ថាននីយចម្រោះមួយនេះ មានកំណកភក់នៅបាតអាង​ បណ្តាលឲ្យសមត្ថភាព សំអាតទឹកកខ្វក់របស់ស្ថានីយ៍មួយនេះ ត្រូវបានថយចុះ​ជាបន្តបន្ទាប់។

ដោយមើលឃើញ​ពីសារសំខាន់នៃស្ថានីយនេះ ​លោកទេសមន្ត្រី ស៊ុន ចាន់ថុល បានកំពុងធ្វើការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឲ្យការស្តារអាងមួយនេះ បានចប់រួចរាល់​នៅ​ចុងឆ្នាំ២០១៨​ ដោយបន្ថែមឧបករណ៍បច្ចេកទេសបន្ថែម និងអនុវត្តឲ្យបានតាមបទដ្ឋានបច្ចេកទេសកំណត់ ដែលនឹងធ្វើឲ្យមានសមត្ថភាពសំអាតដូចដើមឡើងវិញ។

ប៉ុន្ដែអ្វីដែលកាន់តែប្រសើរជាងនេះ ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ក្រុមហ៊ុន BUCG​ បាន​និងកំពុងសិក្សាប្លង់មេ​បឋម ពង្រីកសមត្ថភាព អាងចម្រោះទឹកកខ្វក់ ក្នុងខេត្តទេសចរណ៍មួយនេះ។​

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ សហការ​ពន្លឿនការងារសិក្សា ក្នុងគោលបំណង​ដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ​ និងសម្រេច ដើម្បីអាចអនុវត្ត​ការពង្រីសមត្ថភាព ចម្រោះទឹកកខ្វក់រហូតដល់​២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ពោលការពង្រីកសមត្ថភាពរហូតដល់ទៅ​៣ដង​នេះ នឹងធ្វើឲ្យបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ​ក្នុងខេត្តព្រះសីហនុ កាន់តែមានភាពល្អប្រសើរឡើង៕