(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថានាផ្លូវបេតុង ចំនួន​០២ខ្សែ ស្ថិតក្រោមគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៨ ប្រវែងសរុប​៩៩៣ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ។

ផ្លូវបេតុងទាំង០២ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនា រួមមាន ខ្សែទី១៖ ប្រវែង​៦៤៣ម៉ែត្រ ទទឹង​៤ម៉ែត្រ ក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម និងខ្សែទី២៖ ប្រវែង៣៥០ម៉ែត្រ ទទឹង​៤ម៉ែត្រ ក្នុងភូមិកំរ៉ែង សង្កាត់សាក់សំពៅ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងបានធ្វើការផ្តាំផ្ញើ​ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរអំពីការលំបាករបស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណចំពោះ​ប្រជាពលរដ្ឋ​ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។

លោកអភិបាលខណ្ឌ ​ក៏បានណែនាំ​ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងលូ ដើម្បីឲ្យផ្លូវ លូនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង៕​​