(ភ្នំពេញ)៖ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានជំពាក់បំណុលសាធារណៈក្រៅប្រទេស សរុបចំនួន៦,៨២៥.៣លានដុល្លារអាមេរិក, នៅឆ្នាំក្រោយនេះរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងកំណត់ទំហំ នៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០១៩ ក្នុងកម្រិត១,៤០០លានអេសដេអ៊ែរ-SDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ)។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ក្នុងការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន៤ ដូចខាងក្រោម៖

១៖ ត្រូវខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន

២៖ ត្រូវខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់

៣៖ ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើន និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬ ផលិតភាពផលិតកម្ម

៤៖ ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និង ស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំណត់ទំហំ នៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០១៩ ក្នុងកម្រិត១,៤០០លាន អេសដេអ៊ែរ ដោយសំអាងទៅលើទិដ្ឋភាពសំខាន់ៗ គឺ៖

១៖ ទំហំនៃតម្រូវការអភិវឌ្ឍន៍មានការកើនឡើង

២៖ គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ ២០១៩ ជាគម្រោងវិនិយោគ សាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបង្កើនផលិតភាពសេដ្ឋកិច្ច ព្រមទាំងផលិតភាព ផលិតកម្ម)ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្រ្តក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែង,

៣៖ ឥណទានមានកម្រិតសម្បទានខ្ពស់

៤៖ ស្ថានភាពបំណុល សាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» និង

៥៖ បន្តផ្តល់ប្រសិទ្ធភាពខ្ពស់លើការគ្រប់គ្រង និងអនុវត្តគម្រោង។ ជារួមការបង្កើនទំហំនៃការខ្ចីនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ ព្រោះថា នៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើននោះសមត្ថភាព សងរបស់កម្ពុជា ក៏ខ្ពស់ជាងមុនដែរ។

ជាក់ស្តែងលទ្ធផលនៃការវិភាគចីរភាពបំណុល ដោយឈរលើមូលដ្ឋានសន្មត នៃការខ្ចីថ្មីបន្ថែមសម្រាប់ឆ្នាំ ២០១៩ ក្នុងកម្រិត១,៤០០លានអេសដេអ៊ែរ គឺបានបង្ហាញថា អនុបាតបំណុល គន្លឹះទាំង៤ របស់កម្ពុជាសុទ្ធតែ ស្ថិតក្រោមអនុបាតគោលទាំងអស់។

ក្នុងន័យនេះ ការកំណត់ពិដានក្នុងការខ្ចីថ្មីសម្រាប់ឆ្នាំ ២០១៩ ក្នុងកម្រិត១,៤០០លានអេសដេអ៊ែរ គឺដើម្បីឲ្យរាជរដ្ឋាភិបាល អាចចុះហត្ថលេខាខ្ចីប្រាក់ពីគេបានចំនួន២៥គម្រោង នៅក្នុងចំណោមគម្រោង សរុបចំនួន៣២ ដែលមានលក្ខណៈសម្បត្តិរួចរាល់ ដែលរួមមាន៖

* ធនាគារពិភពលោក២គម្រោង

* ធនាគារអភិវឌ្ឍន៍អាស៊ី៥គម្រោង់

* មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម១គម្រោង

* ចិន៧គម្រោង

* ជប៉ុន២គម្រោង

* កូរ៉េ៣គម្រោង

* បារំាង៣គម្រោង

* ថៃ១គម្រោង

* ឥណ្ឌា១គម្រោង

ក្នុងគោលដៅទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម និងវែង ការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ដែលរួមមាន៖

វិស័យថាមពល៖ គម្រោងខ្សែបញ្ជូន៥០០គីឡូវ៉ុល ជាឆ្អឹងខ្នងសម្រាប់បណ្តាញជាតិ និងភ្ជាប់អនុតំបន់ គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី ៧ គម្រោងសាងសង់ខ្សែបណ្តាញថាមពលអគ្គិសនីតង់ស្យុង ១១៥គីឡូវ៉ុលពីស្រុកសួង ខេត្តត្បូងឃ្មុំ ទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

គម្រោងនេះ ធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ចូន និងចែកចាយ កម្មវិធីថាមពលដើរ ដោយព្រះអាទិត្យសម្រាប់ការតភ្ជាប់ថាមពលអគ្គិសនី ក្នុងគោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី និងបញ្ចុះថ្លៃ អគ្គិសនីនៅជនបទ ដើម្បីរួមចំណែកកាត់បន្ថយចំណាយរបស់ប្រជាជននៅជនបទផង និងកាត់-បន្ថយថ្លៃដើមផលិតកម្មក្នុងវិស័យកសិកម្ម និងសិប្បកម្ម/ឧស្សាហកម្មជនបទផង។

វិស័យធារាសាស្រ្ត៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកព្រែកស្ទឹងកែវ ខេត្តកំពត ជំហានទី ២ គម្រោងកែលម្អធារាសាស្រ្តកសិកម្ម។

វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ គម្រោងអភិវឌ្ឍន៍ផ្លូវពីសំឡូត-វាលវែង ទៅដល់កោះកុង គម្រោងសាងសង់ផ្លូវជាតិលេខ ៧១ (ត្បូងឃ្មុំ-ក្រូចឆ្មារ-ចំការលើ) គម្រោងសាងសង់ផ្លូវជាតិលេខ៦០ប្រវែង១១៦ គីឡូម៉ែត្រ និងស្ពានមេគង្គក្រចេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ជំហានទី២។

គម្រោងនេះ ធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ លេខ៥ភាគខាងត្បូង និង ភាគកណ្តាល គម្រោងកែលម្អផ្លូវជនបទជំហានទី៣ គម្រោងអភិវឌ្ឍន៍ផែទន្លេជំហានទី១ កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ ប្រទេសកម្ពុជា និងវិស័យអាទិភាពផ្សេងទៀត៖ គម្រោងក្នុងវិស័យកសិកម្ម សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត ហិរញ្ញវត្ថុ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំ៕