(ស្វាយរៀង)៖ យោងតាមសេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ថាកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ មានករណីគួរឱ្យសង្ស័យមួយបានកើតឡើង នៅផ្ទះមួយកន្លែង ស្ថិតនៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមនុស្សមួយក្រុមជិះរថយន្តសេ៊រីទំនើប ចូលក្នុងផ្ទះប្រជាពលរដ្ឋសុំលុយ ដោយនិយាយថាពួកគេអស់សាំង និងគ្មានលុយធ្វើសោហ៊ុយ។

ប្រភពពីប្រជាពលរដ្ឋ បានបន្តថា មានរថយន្ត LexusRX300 មួយគ្រឿង ដែលមានស្លាកលេខភ្នំពេញ 2AO-4521 បានបើកចូលមកដល់ ក្នុងផ្ទះប្រជាពលរដ្ឋដែលមានគ្នាបីបួននាក់ មានប្រុស និងស្រី ដែលស្លៀកពាក់របៀបពួកអារ៉ាប់ ឬឥណ្ឌា រួចហើយបានសួរពលរដ្ឋថា ចេះនិយាយភាសាអង់គ្លេស ឬអត់ ដោយប្រាប់ទៀតថាពួកគេជាជនជាតិអារ៉ាប់ ហើយបានធ្វើដំណើរមកពីក្រុងបាវិត ហើយបានជ្រុះបាត់កាបូប (ATM, Passport, Smartphone, លុយ,...) ថែមទាំងឥឡូវនេះឡាន ក៏ជិតអស់សាំងទៀត។

ជាមួយគ្នានេះដែរ ពួគដដែលបានរៀបរាប់ថា ថាពួកគេមានមិត្តភ័ក្រនៅខេត្តកំពង់ចាម ភ្នំពេញ... ប៉ុន្តែគ្មានអ្វីទាក់ទងទៅពួកគេ ទើបសុំខ្ចីទូរស័ព្ទ call សុំអាហារហូប និងសុំលុយខ្លះដើម្បីចាក់សាំងឡាន ដែលនេះអាចជាឱកាស ឬល្បិចរបស់ពួកគេដើម្បីដាក់ថ្នាំ ឬក៏ធ្វើអ្វីផ្សេងទៀត ដែលអាចនឹងបង្ករគ្រោះថ្នាក់ម្ចាស់ផ្ទះក៏ថាបាន។

ភ្លាមៗនោះ ប្រជាពលរដ្ឋរីក៏បានទាក់ទងហៅបងប្អូន ទើបធ្វើឱ្យស្ថានការណ៍ដូចជាមិនអំណោយផលដល់ពួកគេ រំពេចនោះពួកគេ ក៏បានឡើងឡានចេញទៅវិញយ៉ាងលឿន។ ក្នុងករណីនេះប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅខាងសមត្ថកិច្ចរួចរាល់ហើយដែរ។

ហើយសូមបញ្ជាក់ផងដែរថា ហេតុការណ៍របៀបនេះ បានកើតឡើងនៅក្រុងស្វាយរៀង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះសំណាក់មួយកន្លែង ក្រុមជនស្លៀកពាក់អារ៉ាប់ជិះរថយន្តលុចសិុស ក៏បានចូលទៅរកម្ចាស់ផ្ទះសំណាក់ រកលុយចាក់សាំងដែរ តែម្ចាស់ផ្ទះគំរាមប្តឹងសមត្ថកិច្ចក៏ឡើងរថយន្តគេចខ្លួនបាត់អស់ដែរ។

ម៉្យាងវិញទៀតប្រជាពលរដ្ឋបានប្រាប់ថាធ្លាប់កើតមានឡើងជាច្រើនកន្លែងរួចមកហើយដូចជា៖ នៅភ្នំពេញ និងតាមបណ្ដាខេត្តដទៃផ្សេងទៀត ហេតុនេះហើយ សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ប្រសិនបើជួបមានករណីបែបនេះកើតឡើង សូមរួសរាន់ប្រញាប់រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះអន្តរាគម ន៍និងអាចឃាត់ខ្លួនជនទាំងនោះផងដែរ៕