(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨​នេះ លោកស្រី ញ៉ែម សាខន ស ខេង និងលោក ជា សុមេធី អភិបាល​ខេត្តព្រៃវែង, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ ព្រមទាំងក្រុមការងារផលិតទូក «ង» វែងជាងគេ បានរៀបចំពិធីសែនក្រុងពាលី នៅទីតាំងអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ និងក្រុមការងារ ត្រៀមរៀបចំពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​ខាងមុខនេះ។

បើតាមអ្នករៀបចំ​ពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទូក​ «ង» វែងជាងគេ​នឹងប្រព្រឹត្តទៅ​នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​ខាងមុខនេះ ចាប់ផ្តើម​ពីម៉ោង​០៦៖០០ព្រឹក នៅតំបន់ប្រជុំជនអ្នកលឿង ត្រើយខាងកើត ក្នុងឃុំព្រែកខ្សាយ​ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី។

ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាពីតំណាង Guinness World Records ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស.ស.យ.ក សិស្ស និស្សិតព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត។

ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទូក «ង» វែងជាងគេ​នេះដែរក៏នឹងការប្រណាំងទូក «ង» ខេត្តព្រៃវែង និងការប្រគុំតន្ត្រី ដែលប្រជុំដោយតារាល្បីៗ​ប្រចាំប្រទេសកម្ពុជា​ជាច្រើនរូបផងដែរ។

គួររំលឹកថា ទូក «ង» វែងជាគេ ឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» ត្រូវបានផ្តួចផ្តើមកសាង​ឡើងដោយលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក​៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេ ដោយមានការចូលរួមឈូសឆាយ ចាំងឈើ និងគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ​មន្ត្រីរាជការ សិស្ស និស្សិត ស.ស.យ.ក ព្រមទាំង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ទូទាំងប្រទេសកម្ពុជា៕