(កោះកុង)៖ ដើម្បីចូលរួមចំណែកជួយសម្រួលដល់សិស្សានុសិស្ស មុនថ្ងៃបើកវិស្សមកាលឆ្នាំ២០១៨-២០១៩ លោក ហាន់ ហាយ នាយកសាខាក្រុមហ៊ុន Metfone ប្រចាំខេត្តកោះកុង បានសហការជាមួយរដ្ឋបាលស្រុកថ្មបាំង នាំយកកង់ចំនួន៣គ្រឿង កាបូបចំនួន៤០០ សៀវភៅចំនួន១,២០០ក្បាល ផ្តល់ជូនសិស្សសាលាបឋមសិក្សាឃុំឫស្សីជ្រុំ សាលាបឋមសិក្សាឃុំថ្មបាំង ចំនួន៤០០នាក់។

ការផ្តល់ជូននេះដែរធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមក្រោមវត្តមាន លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង, លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងមន្ត្រីក្រោមឱវាទ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក ហាន់ ហាយ បានថ្លែងថា លោកនឹងក្រុមការងារមានសេចក្តីសោមនស្សរីករាយ ដោយចូលរួមជាសប្បុរធម៌ ជាមួយរដ្ឋបាលស្រុកថ្មបាំង ដើម្បីធ្វើការផ្តល់កង់ សម្ភារសិក្សាជូនដល់សិស្សានុសិស្ស នៅស្រុកថ្មបាំង ដែលជាតំបន់ទីដាច់ស្រយាល ដែលពួកគាត់មានជីវភាពខ្វះខាត។ ហេតុដូច្នេះហើយសាខា Merfone បានសហការជាមួយអាជ្ញាធរខេត្តស្រុក បានពាំនាំនូវកង់ចំនួន៣គ្រឿង ជូនដល់សិស្ស៣នាក់ មានជីវភាពលំបាកជាងគេ ក្នុងការធ្វើដំណើរឆ្ងាយពីសាលា នឹងកាបូបចំនួន៤០០ សៀវភៅ១២០០ក្បាល ដល់សិស្សានុសិស្ស មុនថ្ងៃបើកវិស្សមកាលសម្រាប់ឆ្នាំ២០១៨-២០១៩ ។

លោកបានណែនាំឱ្យប្អូនៗក្មួយៗ បំពេញកាតព្វកិច្ចនៃការសិក្សា ដែលបានមកពីការប្រឹងប្រែងក្នុងសិក្សា ដើម្បីបង្កើនធនធានមនុស្ស ដើម្បីទៅអភិវឌ្ឍន៍ប្រទេសឱ្យភាពរីកចំរើនគ្រប់វិស័យ ព្រោះប្អូនៗក្មួយៗ ជាទំពាងស្នងឫស្សីសម្រាប់អនាគត់ប្រទេសជាតិ។

លោក ផៃធូន ផ្លាមកេសន បានថ្លែងថា នេះសក្ខីភាពមួយដែលនាយកសាខា Metfone ប្រចាំខេត្តកោះកុង បានចូលរួមក្នុងសិល្បៈចែករំលែក ជួយគ្នាទៅវិញទៅមក ក្នុងនាមលោក ជាអាជ្ញាធរមានភាពសប្បាយចិត្ត ដោយបានសាខា Metfone បានផ្តល់កាដូរ ជូនដល់សិស្សានុសិស្សនៅស្រុកថ្មបាំង មុនថ្ងៃបើកវិស្សមកាលសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។ លោកថា ប្អូនៗក្មួយៗ ត្រូវខិតខំរៀនសូត្រ ក្រេបចំណេះវិជ្ជាពីសាស្រ្តចារ្យដែលបានបង្រៀន ដើម្បីបំពេញកាតព្វកិច្ចជាសិស្សល្អ សិស្សពូកែ ដើម្បីអនាគតខ្លួនឯង អនាគតគ្រួសារ នឹងអភិវឌ្ឍន៍ខ្លួនឱ្យមានធនធានមនុស្សខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើនគ្រប់វិស័យ ព្រោះប្អូនៗក្មួយៗ គឺជាទំពាំងស្នងឫស្សី សម្រាប់អនាគតប្រទេសជាយើង។

លោកក៏បានផ្តាំផ្ញើថា សូមឱ្យប្អូនៗទាំងអស់ ត្រូវផ្តោតក្នុងការសិក្សាជាចម្បង គោរពការណែនាំរបស់ឪពុកម្តាយ លោកគ្រូអ្នកគ្រូជាឪពុកម្តាយទី២ ដែលពួកគាត់ជាអ្នកតម្រង់ផ្លូវឱ្យយើងឈាន ទៅរកថ្ងៃអនាគតដ៍ប្រសើរ។ ហើយប្អូនត្រូវជៀសឱ្យផុតពីគ្រឿងញៀន ព្រោះវាអាចធ្វើឱ្យយើងបាត់បង់អនាគត បាត់បងមិត្តភក្តិ បាត់បង់ភាពកក់ក្តៅពីក្រុមគ្រួសារ ហេតុដូច្នេះត្រូវយកការសិក្សាជាចម្បងដើម្បីអនាគតខ្លួនឯង និងអនាគតប្រទេសជាតិ៕