(ស្វីស)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបពិភាក្សាការងារទាក់ទិន ទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយកម្ពុជា

ក្នុងជំនួបនោះ លោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានថ្លែងនូវអំណរគុណជូន​ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អនុញ្ញាតឲ្យរូបលោក និងសហការី បានចូកជួបពិភាក្សាការងារ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណ ជូនចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលកន្លងមកបានចូលរួមចំណែកជួយកសាងសមត្ថភាព នៃការបណ្តុះបណ្តាល ពិសេសបានជួយរៀបចំនូវយុទ្ធសាស្រ្តថ្នាក់ជាតិ សម្រាប់កម្មសិទ្ធបញ្ញាដល់កម្ពុជា។

សម្តេចតេជោបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធបញ្ញា។ សម្តេចតេជោបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាបំពេញ នូវកាតព្វកិច្ចរបស់ខ្លួនតាមឆន្ទៈដែលខ្លួនមាន។

សម្តេចបន្តថា ថ្វីត្បិតនាពេលកន្លងមក ការងារជាច្រើនមានការរីកចម្រើន ក៏ប៉ុន្តែមានបញ្ហាប្រឈមជាច្រើន ដែលត្រូបវតែបន្តដោះស្រាយ តាមរយៈនេះសម្តេចបានស្នើដល់អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ បន្តជួយដល់ប្រទេសកម្ពុជា ពិសេសធ្វើយ៉ាងណាជួយដល់កម្ពុជា បានចូលរួមក្នុងក្របខណ្ឌនៃសន្ធិសញ្ញារបស់ អង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ។

សម្តេចតេជោបន្តថា កម្ពុជានៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ ឲ្យកាន់តែស៊ីជំរៅថែមទៀត ហើយអ្វីដែលសម្តេចចង់ឃើញនោះ គឺការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ដល់កម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចបានស្នើឲ្យអង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ ជួយកសាងម៉ាកយីហោនៅកម្ពុជា ដើម្បីធ្វើឲ្យផ្លាកយីហោលើ ផលិតផលផ្សេងៗរបស់កម្ពុជា មានការទទួលស្គាល់ក្នុងក្របខណ្ឌអន្តរជាតិ។

លោក ហ្រ្វានស៊ីស ហ្គារី មានប្រសាសន៍ថា អង្គការរបស់លោក ពិតជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជា។ លោកបន្តថា អ្វីដែលយើងឃើញជាក់ស្តែង គឺយើងពិតជាមានការសប្បាយរីករាយ ក្នុងការជួយដល់កម្ពុជាលើការរៀបចំយុទ្ធសាស្រ្តកម្មសិទ្ធបញ្ញាថ្នាក់ជាតិ ដែលបានអនុម័តកាលពីឆ្នាំ២០១៦កន្លងទៅ។

លោកបន្តថា កម្ពុជាមានសក្តានុពលជាច្រើន ពិសេសនៅពេលនេះម៉ាកយីហោជាច្រើនបានក្លាយនិម្មិតរូបរបស់កម្ពុជា បង្ហាញលើឆាកអន្តរជាតិ។ លោកបន្តថា អង្គការរបស់លោកនឹងបន្តជួយកម្ពុជា ឲ្យកាន់តែឈានឡើងកាន់តែខ្ពស់ថែមទៀត ពិសេសប្តេជ្ញាចិត្តគាំទ្រ នូវការលើកឡើងរបស់សម្តេច ក្នុងការជំរុញលើកកម្ពស់ពីកម្មសិទ្ធបញ្ញានោះ៕